មន្ទីរបញ្ចកោណ៖ ចិន​គ្រោង​ផលិតក្បាលគ្រាប់​នុយក្លេអ៊ែរបំពាក់លើមីស៊ីល​ដែលបាញ់​ដល់អាមេរិក

  • 2020-09-02 02:02:38
  • ចំនួនមតិ 17 | ចំនួនចែករំលែក 60

ចន្លោះមិនឃើញ


មន្ទីរបញ្ចកោណ​អាមេរិក បាន​អះអាង​ក្នុងរបាយការណ៍មួយ​ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២០ថា ចិន​គ្រោង​បង្កើន​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ឱ្យបាន​ទ្វេដង​ក្នុងរយៈពេល ១០ឆ្នាំក្រោយ។ ក្នុងនោះ​រួមមានទាំង​ក្បាល​គ្រាប់​ដែល​បំពាក់លើមីស៊ីលបាលីស្ទីក អាច​បាញ់​ដល់​អាមេរិក​ទៀតផង។

យ៉ាងណាមិញ ទោះ​ជាចិន​បង្កើន​ដល់ចំនួនទ្វេដងក៏ដោយ ក៏វានៅតែមានចំនួនតិចណាស់​បើប្រៀបធៀបនឹង​អាមេរិក ព្រោះ​បច្ចុប្បន្ន​អាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៣៨០០គ្រាប់ ខណៈ​ចិន មានត្រឹមតែ​ខ្ទង់ ២០០គ្រាប់ប៉ុណ្ណោះ។

មន្ទីរបញ្ចកោណ​បញ្ជាក់​ក្នុងរបាយការណ៍​ប្រចាំឆ្នាំ​​ស្តីពី «អំណាច​យោធាចិន» ដែលផ្ញើទៅកាន់សភា​អាមេរិក ឱ្យដឹងថា ការធ្វើទំនើបកម្ម និង​ការពង្រីក​កម្លាំងនុយក្លេអ៊ែរ​របស់ចិន គឺជាផ្នែកមួយ​នៃការខិតខំ​ប្រឹងប្រែងរបស់ក្រុងប៉េកាំង​ ដើម្បី​បង្កើនឥទ្ធិពល​ក្នុងពិភពលោក និង​អាច​ប្រៀបស្មើ ឬលើសអាមេរិកទៀត នៅត្រឹមឆ្នាំ ២០៤៩។

តាមរបាយការណ៍​ដដែល​នេះ​បន្តទៀតថា ចិន​កំពុង​អភិវឌ្ឍ​មីស៊ីល​បាលីស្ទីក​បំពាក់​នុយក្លេអ៊ែរ ដែលបាញ់នៅលើអាកាស ហើយ​បាន​បញ្ចេញ​គ្រាប់បែក​ដែលអាចបំពាក់នុយក្លេអ៊ែរ​ជាលើកដំបូងផងដែរ៕

ប្រភព៖ defence

;