មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ឈប់សម្រាកសងបុណ្យចូលឆ្នាំ ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ចាយលុយជាង ១០០លានដុល្លារ

  • 2020-09-04 02:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល ៥ថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចប្រមាណ ១.៤លាននាក់ បានដើរកម្សាន្ដនៅទូទាំងប្រទេស ក្នុងនោះបានចាយថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិក។ លោក បានបញ្ជាក់ថា ការចាយថវិការបស់ភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដសេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ គ្រាដែលទេសចរណ៍បរទេសត្រូវបានធ្លាក់ចុះស្ទើរទាំងស្រុង។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ១៩»កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

រូបភាពភ្ញៀវទេសចរដើរកម្សាន្ត ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល ៥ថ្ងៃកន្លងទៅ
លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឱកាសឈប់សម្រាកកន្លងទៅនេះ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានរុញទៅគ្រប់ទិសទីទាំងអស់ មានរហូតទៅដល់ប្រមាណ១.៥លាននាក់ ក្នុងនោះមាន១០ភាគរយ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា បានជំរុញសេដ្ឋកិច្ចផ្ទៃក្នុងដែលយើងប៉ាន់ប្រមាណ ជំហានដំបូងថា ប្រមាណ១០០លានដុល្លារ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ»។

លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ថវិកា១០០លានដុល្លារនេះ គឺជាចរន្ដផ្ទាល់នៃការចំណាយរបស់ភ្ញៀវទៅក្នុងគោលដៅទេសចរណ៍ ហើយទុននេះនឹងជួយជំរុញផ្នែកពាក់ព័ន្ធផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គម។ ឯកឧត្តមបន្ថែមថា តាមរយៈតួលេខនេះ ក៏ជាការលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មទេសចរណ៍នៅមូលដ្ឋាន ចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ។

លោកបន្ថែមថា ក្នុងរយៈពេល៩ថ្ងៃ នៃការឈប់សម្រាក (បូកទាំងថ្ងៃសៅរ៍ អាទិត្យ) តំបន់ទេសចរណ៍ជាច្រើនជួបប្រទះនូវកង្វះការផ្គត់ផ្គង់ ដូចជាកន្លែងស្នាក់នៅជាដើម ហើយប្រសិនបើមានមូលដ្ឋានទេសចរណ៍ច្រើនជាងនេះ អាចនឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង កាន់តែច្រើនទៀតផងដែរ ក្នុងពេលឈប់សម្រាកនេះ។ ជាមួយគ្នានេះ លោកក៏បានឲ្យដឹងថា រហូតមកដល់ពេលនេះ តាមតួលេខដែលក្រសួងទេសចរណ៍ទទួលបាន អាជីវកម្មបម្រើឲ្យវិស័យទេសចរណ៍ ៣០ភាគរយបើកដំណើរការឡើងវិញ ក្នុងចំណោម៩០ភាគរយដែលត្រូវបិទទ្វារ ដោយសារកូវីដ-១៩។ ក្នុងនោះ កម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចូលបម្រើការងារវិញផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;