ថ្ងៃនេះ សិស្ស​ចូលរៀន​វិញហើយ ក្រោយ​ផ្អាក​កន្លះឆ្នាំ​ដោយសារ​កូវីដ (បណ្តុំរូបភាព)

  • 2020-09-07 01:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២០នេះ សិស្សានុសិស្ស​បាន​ចូលរៀនវិញហើយ​តាមគ្រឹះស្ថាន​សិក្សា​មួយចំនួន​ ក្នុងដំណាក់កាលទី២ បន្ទាប់ពីផ្អាក​ប្រមាណ​កន្លះឆ្នាំ ដោយសារ​បញ្ហា​ជំងឺ​កូវីដ១៩។ ការចូលរៀនវិញនេះ ធ្វើឡើង​ខណៈកម្ពុជា មិនមាន​ករណីកូវីដ១៩ ប៉ុន្មានថ្ងៃជាប់គ្នាមកហើយ និងមានករណីជាសះស្បើយជាបន្តបន្ទាប់។

យ៉ាងណាមិញ ក្រសួងអប់រំ​បញ្ជាក់​ថា ការ​បើកដំណើរការសិក្សាដំណាក់កាលទី២ ​ឡើងវិញនេះ មិនមែន​បើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

សូមជម្រាបថា សាលារៀន​ទាំងអស់ ក្នុងប្រទេសកម្ពុជា នឹង​បើក​ដំណើរការឡើងវិញ តាម​ ៣ដំណាក់​កាល រួមមាន ដំណាក់កាលទី ១ គឺបើក​សម្រាប់តែសាលារៀន ដែល​មាន​ស្តង់ដារសុវត្ថិភាព​ខ្ពស់។ ចំណែក​ដំណាក់កាលទី ២ នឹង​បើក​ដំណើរការ សម្រាប់​សាលារៀន ដែល​មាន​ស្តង់ដារមធ្យម ខណៈដំណាក់កាលទី ៣ នឹង​បើក​ចំពោះសាលារៀន ដែល​មាន​ស្តង់ដារអប្បបរមា។ ដូច្នេះជារួម ការបើកដំណើរការ​ឡើងវិញនេះ គឺមិនមែន​គ្រប់សាលារៀនទាំងរដ្ឋ និងឯកជន អាច​បើកទ្វារទទួលសិស្សានុសិស្សរួមគ្នានោះទេ៕

សូមទស្សនាទិដ្ឋភាព​សិស្សចូលរៀននៅវិទ្យាល័យជាស៊ីមសន្ធរមុខ ដូចខាងក្រោម៖

អត្ថបទថ្មី
;