ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន អបអរសាទរខួប៧២ឆ្នាំ នៃការបង្កើតកូរ៉េខាងជើង
- 2020-09-10 02:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន អបអរសាទរខួប៧២ឆ្នាំ នៃការបង្កើតកូរ៉េខាងជើង
ចន្លោះមិនឃើញ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្កា រៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
ក្នុងព្រះរាជសារជាភាសាបារាំង ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូលថា៖ "ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ខ្ញុំសូមសម្ដែងនូវការអបអរយ៉ាងកក់ក្ដៅរួមទាំងការជូនពរនូវជោគជ័យ និងសុភមង្គលពីខ្ញុំចំពោះឯកឧត្តម ។ សម្រាប់ប្រជាជនកូរ៉េដែលជាមិត្តខ្ញុំសូមជូនពរឱ្យជួបតែសន្តិភាព និងភាពរុងរឿងជានិរន្តរ៍។"
ព្រះករុណាជីវិតតម្កល់លើត្បូងបានមានព្រះរាជបន្ទូលបន្ថែមថា៖ "កិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េក្រោមការដឹកនាំរបស់ឯកឧត្ដម បានជួយជំរុញដំណើរការនៃការស្ថាបនាការអភិវឌ្ឍ និងសុខមាលភាពនៃប្រជាជនរបស់ឯកឧត្ដម ។ ព្រះករុណា បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនឹងនាំមកនូវផលប្រយោជន៍នៃទស្សនវិស័យថ្មីៗស្ថិតនៅក្នុងផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង២។"
គួរបញ្ជាក់ជូនថា ប្រទេសកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៨ខែធ្នូឆ្នាំ១៩៦៤។ទំនាក់ទំនងនេះត្រូវបានលើកតម្កើងដោយសម្តេចព្រះនរោត្តម សីហនុ និង លោកមហាសេនាប្រមុខ គីម អ៊ីលស៊ុង ។ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីករយៈពេលជាច្រើនឆ្នាំក្នុងអតីតកាល តាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ។ ពីអតីតកាលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេចាត់ទុកជាទំនាក់ទំនងដែលមានលក្ខណៈពិសេសដោយផ្អែកលើចំណងទាក់ទងដ៏រឹងមាំជាលក្ខណៈបុគ្គលរវាងមេដឹកនាំនៃប្រទេសទាំងពីរជាជាងផ្អែកលើផលប្រយោជន៍នៃជាតិទាំងពីរហើយក៏មិនពាក់ព័ន្ធនឹងមូលដ្ឋានភូមិសាស្ត្រនយោបាយនិងចំណងវប្បធម៌អ្វីពិសេសនោះដែរ។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ។ ប្រទេសកូរ៉េខាងជើងមានរដ្ឋធានីព្យុងយ៉ាង មានផ្ទៃដីសរុប១២០៥៤០ គីឡូ ម៉ែត្រការ៉េនិងផ្ទៃទឹក ៤.៤៨ភាគរយ និងមានប្រជាជនជាង ២៥លាននាក់៕