គ្រប់គ្រងលែងបាន ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា មួយថ្ងៃរាលដាល ៤០ គីឡូម៉ែត្រ
- 2020-09-10 02:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់គ្រងលែងបាន ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា មួយថ្ងៃរាលដាល ៤០ គីឡូម៉ែត្រ
ចន្លោះមិនឃើញ
ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាអស់រយៈពេលជាង ៣សប្តាហ៍បានបង្កើនសន្ទុះកាន់តែខ្លាំងឡើង បន្ទាប់ពីត្រូវបានរុញច្រានបន្ថែមដោយខ្យល់បក់ខ្លាំង នាំឱ្យឆេះរាលដាលក្នុងអត្រាដ៏សាហាវនៅចម្ងាយប្រមាណ៤០ គីឡូម៉ែត្រនៃតំបន់ជួរភ្នំនិងជ្រលងភ្នំ ព្រមទាំងជើងភ្នំ បំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។
នៅពេលផ្សែងក្រាស់បានហោះឡើងពេញមេឃកាលពីថ្ងៃពុធទី ៩ កញ្ញា និងបក់បោកចេញពណ៌ទឹកក្រូចពាសពេញតំបន់ មនុស្សរាប់ពាន់នាក់នៅតាមសហគមន៍ក្បែរទីក្រុងអូរ៉ូវីលត្រូវបានបញ្ជាឱ្យជម្លៀសចេញ។ ភ្លើងព្រៃនេះថែមទាំងគំរាមកំហែងដល់ទីក្រុងផារ៉ាដាយ ដែលរងការបំផ្លិចបំផ្លាញកាលពី ២ ឆ្នាំមុនដោយគ្រោះភ្លើងឆេះព្រៃដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ ដោយបង្កឱ្យមានការភ័យស្លន់ស្លោ នាំឱ្យមានការស្ទះចរាចរណ៍ ខណៈដែលអ្នកស្រុកព្យាយាមរត់គេចខ្លួន។
លោក ដានីញែល ស្វេន អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្នុងទីក្រុងឡូសអ៊ែនជេឡេស បាននិយាយថាភ្លើងបានឆាបឆេះព្រៃប្រមាណ ១.០៣៦ គីឡូម៉ែត្រក្រឡាក្នុងរយៈពេល ២៤ ម៉ោង។
លោកស្វេនបានសរសេរលើធ្វីតធឺថា “អត្រាមិនគួរឱ្យជឿនៃការរាលដាលឥឡូវត្រូវបានសង្កេតឃើញនៅលើភ្លើងព្រៃទាំងនេះ។ វាជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក”។ អគ្គិភ័យនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាគឺជាភ្លើងព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃជាង ២០កន្លែងនៅក្នុងរដ្ឋ ក្នុងនោះភ្លើងព្រៃធំៗ៣ក្នុងចំណោម៥មិនធ្លាប់មានបានឆេះនៅទូទាំងតំបន់ភាគខាងលិចរដ្ឋ ចំពេលមានអាកាសធាតុស្ងួតនិងខ្យល់បក់ខ្លាំង។ ក្រុមអ្នកព្យាករណ៍បាននិយាយថា អាកាសធាតុអំណោយផលនាពេលខាងមុខរំពឹងជួយសម្រាលការលំបាករបស់ក្រុមអ្នកពន្លត់ភ្លើង។
នៅរដ្ឋវ៉ាស៊ីនតោន ដីជាច្រើនហិកតាត្រូវបានដុតបំផ្លាញដោយភ្លើងឆេះព្រៃក្នុងពេលតែមួយថ្ងៃ ដែលក្រុមអ្នកពន្លត់អគ្គិភ័យជាធម្មតាពុំធ្លាប់ឃើញពីមុនទេ។ អគ្គិភ័យក៏បានបង្ខំឱ្យប្រជាជនភៀសខ្លួនចេញពីផ្ទះនៅរដ្ឋអូរីហ្គិននិងរដ្ឋអៃដាហូផងដែរ។ ការផ្ទុះខ្យល់ត្រជាក់ពីតំបន់ប៉ូលបានជួយសម្រាលភ្លើងឆេះព្រៃនៅរដ្ឋខូឡូរ៉ាដូនិងរដ្ឋម៉ុនតាណា៕
ប្រភព៖ rasmeinews