កូនត្រីជាង ៥ម៉ឺនក្បាលបានព្រលែងចូលបឹងក្រម សម្រាប់កម្មវិធីចុះចាប់កំសាន្តនៅដើមឆ្នាំក្រោយ

  • 2020-09-10 08:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ពាង ណារិទ្ធ អភិបាលរងខេត្ត បាន​ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានស្រុកមេមត់ ឃុំជាំក្រវៀន សហគមន៍បឹងក្រម និង​បានព្រលែងកូនត្រី ៤ប្រភេទ ស្មើនឹងប្រមាណ៥៧ ០០០ក្បាលក្នុងបឹងក្រម កាលពីថ្ងៃ​ទី ៩ កញ្ញា ២០២០។ កូនត្រី ៤ប្រភេទ រួមមានត្រីក្រាញ់ ត្រីរ៉ស់ ត្រូអណ្តែង និងត្រីប្រា ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ កូនត្រីទាំងនេះនឹងបង្កើនផលត្រីក្នុងបឹង សម្រាប់កម្មវិធីប្រពៃណីរបស់បងប្អូនក្នុងភូមិសាស្ត្រនេះ និងភ្ញៀវទេសចរណ៍ទាំងឡាយ ចុះចាប់កំសាន្តនៅដើមឆ្នាំខាងមុខ។

លោក ពាង ណារឹទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយពិនិត្យឃើញពីសក្តានុពលនៃភូមិសាស្ត្រនេះ សម្រាប់វិស័យទេសចរណ៍វប្បធម៌ លោកអភិបាលខេត្ត បានដាក់ចេញនូវផែនការអភិវឌ្ឍឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ពង្រីកវិសាលភាពឲ្យកាន់តែទូលាយដែលជំហានដំបូងបានជីកពង្រីកទីធ្លារបឹងជាច្រើនម៉ែត្រក្រឡាបន្ថែម ដើម្បីប្រែក្លាយជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ឲ្យបានគ្រប់រដូវកាល។

លោកអភិបាលរងខេត្ត បានបន្ថែមថា បឹងក្រមនេះ នឹងក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលអាចបង្កើតការងារនិងប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋប្រចាំតំបន់នេះ។ដូច្នេះ យើងត្រូវចូលរួមទាំងអស់គ្នា មើលថែត្រីទាំងនេះ កុំមានការលួចប្រើឧបករណ៍ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ដែលបំផ្លាញធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិគ្រប់ប្រភេទនិងរក្សាព្រៃជុំវិញនេះឲ្យបានល្អ ក្លាយជាម្លប់សម្រាប់ភ្ញៀវទេសចរណ៍។

សូមជម្រាបថា បឹងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ។ សម្រាប់ ២ឆ្នាំកន្លងទៅ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រជាពលរដ្ឋចុះចាប់ត្រី និងចែកជូននូវរង្វាន់ជាថវិការដល់អ្នកចាប់បានត្រីធំ និងច្រើនផងដែរ។ ដោយឡែកសម្រាប់ឆ្នាំ២០២១ខាងមុខនេះ បើតាមគម្រោង លោកនឹងធ្វើពិធីឲ្យកាន់តែធំ តាមរយៈការប្រលែងកូនត្រីរាប់ម៉ឺនក្បាលនាថ្ងៃនេះ៕ឮ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

អត្ថបទថ្មី
;