តោះ! មកដឹងពីទំនាក់ទំនងដំរី២ក្បាល ដែលយកប្រមោយប៉ះគ្នាយ៉ាងជិតស្និទ្ធ ក្រោយបែកគ្នា១២ឆ្នាំ
- 2020-09-22 06:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងពីទំនាក់ទំនងដំរី២ក្បាល ដែលយកប្រមោយប៉ះគ្នាយ៉ាងជិតស្និទ្ធ ក្រោយបែកគ្នា១២ឆ្នាំ
ចន្លោះមិនឃើញ
រូបថតមួយសន្លឹក ដែលបង្ហាញពីសកម្មភាពដំរី២ក្បាលកំពុងយកប្រមោយប៉ះគ្នាទៅវិញទៅមក ខណៈពួកវាកំពុងស្ថិតនៅទ្រុងផ្សេងគ្នានោះ កំពុងអង្រួនទឹកចិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីបានដឹងទំនាក់ទំនងរបស់សត្វមាឌយក្សទាំង២។ យោងតាមប្រភពចេញពីខាងសួនសត្វ Halle នៃប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា ទំនាក់ទំនងរវាងដំរីទាំង២គឺជាមេនិងកូន ដែលបានបែកគ្នាអស់រយៈកាល១២ឆ្នាំមកហើយ។
ដំរីជាមេមានឈ្មោះថា Pori អាយុ៣៩ឆ្នាំ ហើយកូនរបស់វាមានឈ្មោះថា Tana អាយុ១៩ឆ្នាំ។ បច្ចុប្បន្ន ដំរី Tana មានកូន២ក្បាលឈ្មោះ Tamika អាយុ៤ឆ្នាំ និង Elani អាយុ១ឆ្នាំ។ ដំរីទាំង៤ក្បាលគ្រាន់តែឃើញគ្នាភ្លាមគឺបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធសឹងមិនគួរឲ្យជឿទាល់តែសោះ។
ខាងសួនសត្វ Halle បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមថា៖ "នៅថ្ងៃនេះ ដំរី Tana, Tamika និង Elani បានស្វាគមន៍ដំរី Pori ដែលត្រូវជាមេ និងជាជីដូនផងក្រោយបែកបាក់គ្នាជាច្រើនឆ្នាំ ហើយការយកប្រមោយប៉ះគ្នានេះគឺបង្ហាញពីភាពចង់ដឹង និងភាពរាក់ទាក់ជាទីបំផុត"។
ដំរី Pori បានកើតនៅក្នុងព្រៃប្រទេសហ្ស៊ីមបាវ៉េ នាឆ្នាំ១៩៨១។ វាត្រូវបានគេបញ្ជូនទៅកាន់សួនសត្វ Magdeburg នៅក្នុងឆ្នាំ១៩៨៣ មុនបញ្ជូនបន្តទៅកាន់សួនសត្វ Leipzig នៃប្រទេសអាល្លឺម៉ង់។ ជាចុងក្រោយ វាត្រូវគេយកទៅនៅសួនសត្វ Tierpark Berlin ដើម្បីបង្កាត់ពូជ ហើយបង្កើតបានកូនដំរីមួយក្បាលគឺ Tana នៅក្នុងឆ្នាំ២០០១។
ពេលមកដល់សួនសត្វ Halle ដំបូង ដំរី Pori ត្រូវដាក់បែកគ្នាសិនពីដំរីជាកូន Tana។ យ៉ាងណាមិញ ២-៣ថ្ងៃក្រោយទើបគេដាក់ឲ្យពួកវានៅជាមួយគ្នា។ (សូមទស្សនាវីដេអូខាងក្រោមនៅពេលពួកវាស្ថិតនៅក្នុងជាមួយគ្នាជាលើកដំបូង)
លោក Dennis Muller អ្នកគ្រប់គ្រងសួនសត្វ Halle បានឲ្យរៀបរាប់ថា ការមកដល់របស់ដំរី Pori គឺជាការបោះជំហានដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីរបៀបចិញ្ចឹមសត្វបែបទំនើប។ លោកបន្តថា នាពេលអនាគត ហ្វូងដំរីទាំងអស់នៅអឺរ៉ុបគួរតែមានការយកចិត្តទុកដាក់ពីរចនាសម្ព័ន្ធគ្រួសារពួកវា ដោយផ្អែកទៅលើរឿងរបស់ Pori និង Tana ជាគំរូជាក់ស្ដែង៕