លោក យាន រស្មី៖ ប្រឹងកៀងគររកថវិកាបង្កើតវិចិត្រសាលដើម្បីជួយសិល្បករខ្មែរ

  • 2020-09-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ការចូលរួមឲ្យបាន១ម៉ឺនដុល្លាររបស់បងប្អូនប្រជាជនខ្មែរគឺជាការចូលរួមលើកស្ទួយវិស័យសិល្បៈឲ្យកាន់តែរីកចម្រើន» នេះជាការលើកឡើងរបស់លោក យាន រស្មី។

ដោយមានចិត្តស្រឡាញ់សិល្បៈ និងចង់ជួយជ្រោងសិល្បករខ្មែរផ្នែកសហសម័យមានភាពរីកចម្រើនលោកអនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រសិល្បៈមកពីបរទេសលោក យាន រស្មី សម្រេចដើរកៀងគររកថវិកាគ្រប់វិធីដើម្បីបង្កើតវិចិត្រសាលមួយនៅភ្នំពេញ។

លោក យាន រស្មី ម្ចាស់គម្រោងវិចិត្រសាល “សិល្បៈត្រជាក់ភ្នែក-Silapak Trotchaek Pneik ”
តើមូលហេតុអ្វីបានជាអនុបណ្ឌិតរូបនេះសម្រេចចិត្តធ្វើគម្រោងរ៉ៃអង្គាសប្រាក់ដើម្បីបង្កើតវិចិត្រសាលផ្នែកសិល្បៈនេះឡើង?

«ទី១៖មូលហេតុដំបូងមកពីខ្ញុំស្រឡាញ់។ ទី២៖ខ្ញុំចង់បានពិពិតភាព ហើយក្នុងសង្គមសិល្បៈមួយ បើយើងមានវិចិត្រសាលកាន់តែច្រើនគឺវាមានសម្លេងកាន់តែច្រើន អីចឹងខ្ញុំចង់ចូលរួមក្នុងការបង្កើតឲ្យមានវិស័យសិល្បៈសហសម័យទំនើបផ្នែកសិល្បៈសូន្យរូបនៅស្រុកខ្មែរហ្នឹង វាមានពិពិតភាព វាមានសម្លេងច្រើន វាមានសិល្បករច្រើន វាមិនមែនមនុស្សមួយក្រុម ឬវិចិត្រសាល ពីរ បី ជាអ្នកគ្រប់គ្រងនោះទេ គឺចង់ឲ្យមានច្រើន។ ទី៣៖ ខ្ញុំសង្ឃឹមថាវិចិត្រសាលនេះជាច្រកមួយដែលយល់ដឹងពីអាស៊ីអាគ្មេយ៍ និងជាវេទិកាមួយសម្រាប់ផ្សព្វផ្សាយសម្លេងអាស៊ីអាគ្មេយ៍តាមរយៈការសិក្សាប្រវត្តិសាស្ត្រសិល្បៈ ឬតាមរយៈការអញ្ជើញសិល្បករមកពីតំបន់អាស៊ីអាគ្មេយ៍មកតាំងបង្ហាញស្នាដៃសិល្បៈ» នេះជាមូលហេតុដែលធ្វើអ្នកជំនាញផ្នែកសិល្បៈលោក យាន រស្មី ធ្វើការរ៉ៃអង្គាសថវិកាដើម្បីបង្កើតវិចិត្រសាលមួយនេះឡើង។

លោក យាន រស្មីបន្តថា «ខ្ញុំចង់ឲ្យវិចិត្រសាល “សិល្បៈត្រជាក់ភ្នែក-Silapak Trotchaek Pneik ” វាក៏មិនមែនជាកន្លែងដែលតាំងតែសិល្បៈសហសម័យទេ គឺយើងបើកឲ្យទូលាយគឺបូកទាំងសិល្បៈទំនើបផងដែរ អីចឹងមានន័យថាយូរម្តងយើងមានតាំងពិពរណ៍អំពីស្នាដៃរបស់សិល្បករដែលបានស្លាប់ទៅដូចជាលោកញឹក ឌឹម លោកយូ ឃិន មានតាំងនៅទីនេះ ខ្ញុំចង់ឲ្យវិចិត្រសាលនេះក្លាយជាសារមន្ទីរតូចមួយសម្រាប់តាំងស្នាដៃផ្សេងៗដែលយើងមិនធ្លាប់ឃើញពីមុនមក»

ម្ចាស់គម្រោងវិចិត្រសាល “សិល្បៈត្រជាក់ភ្នែក” ដែលមានទីតាំងនៅផ្ទះ យូ ឃិន លោក រស្មី បញ្ជាក់ថា យើងបែបចែកថវិកាមាន៤ដំណាក់កាលសម្រាប់សាងសង់វិចិត្រសាលនេះ៖

-ដំណាក់កាលទី១៖ ការសាងសង់លើកទី១យើងត្រូវការថវិកាចំនួន ៤ពាន់ ៥រយដុល្លារ យើងបានជោគជ័យ។

-ដំណាក់កាលទី២៖ លើកទី២យើងត្រូវការរកកញ្ចប់ថវិកាប្រហែលជាង ១ម៉ឺនដុល្លារសម្រាប់ជួសជុលបាតក្រោម រៀបចំភ្លើងបន្ថែម បិទ និងរៀបចំជញ្ជាំង និងបន្ទប់ទឹក។

-ដំណាក់កាលទី៣៖ កញ្ចប់ថវិកាសម្រាប់បើសម្ពោធប្រមាណជា ៤ពាន់ដុល្លារ យើងរកបានអ្នកសន្យាជួយឧបត្ថម្តរួចហើយ។

-ដំណាក់កាលទី៤៖ កញ្ចាប់ថវិកាសម្រាប់បើកសម្ពោធ និងដំណើការវិចិត្រសាល បូករួមទាំងបុគ្គលិកបើតាមការគិតប្រហែលត្រូវការថវិកាប្រមាណជិត ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

«សួរតើលុយ២ម៉ឺនដុល្លារនេះបានមកពីណា?» លោកឆ្លើយថា «បើដកថ្លៃចំណាយប្រចាំ ថ្លៃទឹក ថ្លៃភ្លើង ទីតាំង បុគ្គលិកសម្អាត(ម្ចាស់ទីតាំងនេះជាអ្នកផ្តល់ឲ្យយើងដោយមិនគិតថ្លៃរយៈពេល៥ឆ្នាំ) និងដកប្រាក់ខែរបស់ខ្ញុំ ដូចច្នេះការចំណាយវានឹងធ្លាក់សល់កាន់តែតិចជាងការបាន់ស្មានរបស់យើង។ សម្រាប់កញ្ចប់ថវិកាដំណាក់កាលទី៤នេះ បច្ចុប្បន្នយើងក៏កំពុងតែជជែកជាមួយម្ចាស់ជំនួយធំនៅអូស្ត្រាលីដែលគេចូលចិត្តជួយខាងផ្នែកកម្មវិធី និងអនុវត្តន៍ការងារ គេឲ្យលុយត្រូវតែមានកម្មវិធី ដូច្នេះយើងនៅខ្វះតែអគារ ដូចនេះហើយទើបខ្ញុំដើរ និងស្វែករកជំនួយពីឲ្យប្រជាជនខ្មែរយើងចូលរួមឧបត្ថម្តដើម្បីសាងសង់អគារនេះចេញជាផ្លូវការ»

ស្ថិតក្នុងដំណាក់កាលទី២ត្រូវការថវិកា១ម៉ឺនដុល្លារដែលបច្ចុប្បន្នគិតត្រឹមរសៀលថ្ងៃ២១ កញ្ញា ឆ្នាំ២០២០ ថវិកាដែលទទួលបានជាង១០ភាគរយគឺប្រមាណ ១១១០ដុល្លារក្តី ក៏ម្ចាស់គម្រោងមួយនេះមិនរុញរានឹងការលំបាកក្នុងការស្វែករកម្ចាស់ជំនួយ និងថវិកាសម្រាប់ដាក់ឲ្យដំណើរការវិចិត្រសាលមួយនេះឡើយ។

«បើនិយាយរឿងស្ថេរភាព វាមិនអាចទេ ដោយសារតែទីមួយយើងខ្វះធនធាន នេះជាការបើកសាកល្បង យើងធ្វើអ្វីដែលយើងមាន បច្ចុប្បន្នយើងមានប៉ុន្មានយើងធ្វើប៉ុណ្ណឹងសិនទៅ ព្រោះនេះវាមិនមែនជាជំនួញ បើសិនវាជាជំនួញយើងអាចរកអ្នកដាក់ទុនបាន តែនេះជាមជ្ឈមណ្ឌលមួយក្នុងការផ្សព្វផ្សាយ លើកកម្ពស់ ផ្តល់ការអប់រំ ខាងផ្នែកសិល្បៈ សំនួរសួរថាតើអាចបើកបានរយៈពេល៥ឆ្នាំទេ? ខ្ញុំជឿថាខ្ញុំអាចបើកបាន យើងអាចសហការរកម្ចាស់ជំនួយពីនេះពីនោះមកបាន ហើយណាមួយយើងមានការគាំទ្រ ៥ឆ្នាំពីម្ចាស់ទីតាំងបច្ចុប្បន្នស្រាប់» នេះជាការតាំងចិត្តរបស់ម្ចាស់គម្រោងលោក យាន រស្មី។

គួរបញ្ជាក់ថា វិចិត្រសាលនៅកម្ពុជាដែលដាក់ឲ្យមានដំណើរការមាន៨ មាននៅសៀមរាប ២ បាត់ដំបង១ និងភ្នំពេញ ៥កន្លែង ក្នុងនោះមាន៣ ដែលមានសកម្មភាពខ្លាំង មាន២ នៅភ្នំពេញ និង១នៅសៀមរាប។ បើតាមគម្រោងវិចិត្រសាល “សិល្បៈត្រជាក់ភ្នែក” ដែលមានទីតាំងនៅ YK Art House ផ្លូវ៨៣០ ម្តុំស្ថានទូតរុស្សី នឹងគ្រោងបញ្ចប់ការសាងសង់នៅចុងខែមករា ឆ្នាំ២០២១ បើកឲ្យដំណើរការនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ ហើយវានឹងក្លាយជាវិចិត្រសាលទី៦នៅរាជធានីភ្នំពេញ និងជាវិចិត្រសាលទី៩នៅកម្ពុជា ដែលគាំទ្រ និងលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;