ឡដុតសំរាម នៅស្រុកបន្ទាយស្រី ចាប់ផ្ដើមដំណើរការសាកល្បងហើយ
- 2020-09-24 02:32:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡដុតសំរាម នៅស្រុកបន្ទាយស្រី ចាប់ផ្ដើមដំណើរការសាកល្បងហើយ
ចន្លោះមិនឃើញ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅថ្ងៃទី ២៤ កញ្ញានេះថា ស្រុកនេះបានដំណើរការសាកល្បងឡដុតសំរាមរួមជាលើកដំបូង កាលពីពេលថ្មីៗនេះ នៅក្នុងឃុំរំចេក។
លោកបញ្ជាក់ថា សំរាមជាច្រើនតោន មកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយនៅក្នុងទីលានឡដុតសំរាមនេះ ក្រោយពីបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។
លោកអភិបាលស្រុកបន្ថែមថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
«ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ»។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់៕
ប្រភព៖ ហ្វេសបុក លោក ឃឹម ហ្វីណង់