​កូរ៉េខាងជើង បាញ់​សម្លាប់មន្រ្តី​កូរ៉េខាងត្បូងម្នាក់ ហើយដុតសាកសព​ចោល

  • 2020-09-24 07:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​បញ្ជាក់​នៅថ្ងៃទី២៤ ខែកញ្ញានេះថា កូរ៉េខាងជើង បាន​បាញ់​សម្លាប់​មន្រ្តីខ្លួនម្នាក់ ហើយ​ដុតសាកសពចោល កាលពីដើមសប្តាហ៍កន្លងទៅនេះ។

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិកូរ៉េខាងត្បូង លើកឡើងថា៖ «កូរ៉េខាងជើង បាន​រកឃើញ​បុរសម្នាក់​ក្នុងដែនទឹករបស់ខ្លួន ហើយ​បាញ់​សម្លាប់​ និងដុតសាកសពគាត់​យ៉ាងសាហាវ។ នេះបើយោងតាម​ភ្នាក់ងារ​ចារកម្មរបស់យើង»។

ប្រភពដដែលបន្តថា៖ «យោធារបស់យើង បាន​ថ្កោលទោស​យ៉ាងខ្លាំងនូវ​អំពើឃោឃៅនេះ និង​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ផ្តល់នូវការពន្យល់ ព្រមទាំងដាក់ទោស​ដល់អ្នកទទួលខុសត្រូវក្នុងរឿងនេះ»។

សូមជម្រាប​ថា មន្រ្តី​១រូប​នៃក្រសួង​សមុទ្រ និងនេសាទ​កូរ៉េខាងត្បូង អាយុ៤៧ឆ្នាំ បាន​បាត់ខ្លួនចេញពីទូកមួយគ្រឿង កាលពីថ្ងៃចន្ទ ក្នុងអំឡុងបំពេញ​ភារកិច្ច​នៅតំបន់កោះ Yeonpyeong ដែលស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង។

​គួររំលឹក​ថា កាលពីឆ្នាំ២០០៨ ជនស៊ីវិលកូរ៉េខាងត្បូងម្នាក់ ត្រូវបាន​បាញ់សម្លាប់​ក្នុងទឹកដីកូរ៉េខាងជើង នៅតំបន់ភ្នំ Kumgang៕

ប្រភព៖ Yonhapnews

អត្ថបទថ្មី
;