ទូតអូស្ត្រាលី សន្យាផ្តល់ Software មួយឱ្យក្រសួងធនធានទឹក
- 2020-09-25 02:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតអូស្ត្រាលី សន្យាផ្តល់ Software មួយឱ្យក្រសួងធនធានទឹក
ចន្លោះមិនឃើញ
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានសន្យាផ្តល់ជូននូវកម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែលគ្រប់គ្រងធនធានទឹក ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជាឲ្យកាន់តែប្រសើរ។ លោកឯកអគ្គរាជទូត ថ្លែងដូច្នេះក្នុងជំនួបជាមួយលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
លោក Pablo Kang បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត។
ជាមួយគ្នានេះ លោកបានបង្ហាញនូវការប្តេជ្ញាចិត្ត បន្តរួមចំណែករបស់រាជរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ។
ទិសដៅបន្តក្រសួងធនធានទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ។
សូមជម្រាបថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអូស្រ្តាលី បាននឹងកំពុងជួយដល់កម្ពុជា លើគម្រោង៖
-ទី១. គម្រោង CAVAC ជំហាន ១ (២០១០-២០១៥) បានអនុវត្តនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ
-និងទី ២. គម្រោង CAVAC ជំហាន ២ (២០១៦-២០២១) កំពុងអនុវត្តនៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម