ចារទុកជាប្រវត្តិសាស្រ្ត! ប្រជាពលរដ្ឋខេត្តសៀមរាប ស្ម័គ្រចិត្តរុះរើសំណង់​ដែល​សង់លើដីចំណីផ្លូវ

  • 2020-09-30 06:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​រដ្ឋបាលខេត្តសៀមរាប បាន​ចេញសេចក្តីជូនដំណឹង​រួចមក រដ្ឋបាលខេត្ត​បាន​សង្កេត​ឃើញថា​ បងប្អូនប្រជាពលរដ្ឋ​បានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ដែលបាន​សាងសង់លើដីចំណីផ្លូវកន្លងមក ដើម្បីឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ការពង្រីក និង​សាងសង់​ផ្លូវទាំង ៣៨ខ្សែ​ឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ​នឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដើម្បីការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបឱ្យស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តសាស្ត្រ។

រដ្ឋបាល​ខេត្តបញ្ជាក់​ថា៖ «សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនេះ ហើយអាជ្ញាធរខេត្តនឹងចារទុកសកម្មភាពនេះជាប្រវត្តិសាស្ត្រដែលជាប្រជាពលរដ្ឋគំរូល្អក្នុងសង្គមជាតិ»។

​សូមជម្រាប​ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋបាលខេត្តសៀមរាប បាន​ជូនដំណឹង​ដល់ពលរដ្ឋ​ដែលស្ថិតនៅតាមបណ្តោយនៃគម្រោងសាងសង់ផ្លូវថ្មី ៣៨ខ្សែ ឱ្យរុះរើសំណង់​រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និង​ដីចំណីស្ទឹងសៀមរាប ដោយខ្លួនឯង ក្នុងរយៈពេល១០ថ្ងៃ រហូតដល់ថ្ងៃទី២ តុលា ដើម្បី​ឱ្យការស្ថាបនាផ្លូវថ្មី​ប្រព្រឹត្តទៅបាន​ដោយរលូន។ ករណីពុំបាន​រុះរើតាមការកំណត់ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​រុះរើតាមនីតិវិធី និង​ច្បាប់​ជាធរមាន​ដោយមិនទទួលខុសត្រូវ​រាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទថ្មី
;