មកដឹងពីអាយុកាលកុលាលភាជន៍ជិត ៣០០ ដែលចាប់បានពីជនជាតិវៀតណាម នៅខេត្តព្រះសីហនុ

  • 2020-10-01 04:10:23
  • ចំនួនមតិ 3 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ


ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ចុះពិនិត្យនិងវាយតម្លៃកុលាលភាជន៍ចំនួន២៨៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីរឹបអូសពីជនជាតិវៀតណាម។

ក្រោយពីអ្នក​ជំនាញ​បានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់​​​​​​​​ ក្រុមការងារអាចសនិ្នដ្ឋានបានថា​​ ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណដែលមានអាយុកាលក្នុងចន្លោះពីស.វទី១៥ ដល់១៧នៃគ.ស.។

សូមរំលឹក​ថា កុលាលភាជន៍ចំនួន ២៨៤ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុរឹបអូសបានពីជនជាតិវៀត​ណាម​ឈ្មោះ ឡេ វាន់ហួន កាលពីថ្ងៃទី២៧ ខែកញ្ញា។ កុលាលភាជន៍ ត្រូវបានជនជាតិវៀតណាមរូបនេះស្រង់ចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែល​ចន្លោះ​រវាងកោះតាគៀវ និងកោះឬស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនដែល​មានទីតាំងស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

តាមសេចក្តីសម្រេចរបស់ព្រះរាជអជ្ញារង និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រគល់កុលាលភាជន៍ទាំងនោះជូនមន្ទីរវប្បធម៌ខេត្ត យកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ។ រីឯជន​សង្ស័យ​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

;