ប្រធានាធិបតីតួកគីនិយាយបែបនេះ ច្បាស់ណាស់ថា ចង់ឱ្យអាមេនី និងអាហ្ស៊ែបៃហ្សង់ បន្តធ្វើសង្គ្រាមទៀត
- 2020-10-02 03:36:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីតួកគីនិយាយបែបនេះ ច្បាស់ណាស់ថា ចង់ឱ្យអាមេនី និងអាហ្ស៊ែបៃហ្សង់ បន្តធ្វើសង្គ្រាមទៀត
ចន្លោះមិនឃើញ
ខណៈដែលមេដឹកនាំមហាអំណាចបីប្រទេសគឺ រុស្ស៊ី អាមេរិក និងបារាំង បានអំពាវនាវឱ្យប្រទេសអាមេនី និងអាហ្ស៊ែបៃហ្សង់ ចរចាដោយសន្តិវិធី និងអនុវត្តបទឈប់បាញ់នោះ បែរជាប្រទេសតួកគី ច្រានចោលការអំពាវនាវនេះ ហើយឱ្យប្រទេសទាំងពីរ បន្តធ្វើសង្គ្រាមដោះស្រាយដោយខ្លួនពួកគេផ្ទាល់ជុំវិញការដណ្តើមតំបន់ភ្នំ Nagorno-Karabakh។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលឈរខាងអាហ្ស៊ែបៃហ្សង់ បានថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ថា ដាច់ខាតសង្គ្រាមត្រូវតែបន្តធ្វើឡើង ហើយថាការអំពាវនាវឱ្យមានបទឈប់បាញ់នោះ គឺជារឿងមិនអាចទទួលយកបានឡើយ។
លោកអះអាងថា បើចង់រកដំណោះស្រាយនោះ លុះត្រាតែអាមេនី ដកទ័ពទាំងអស់ចេញពីតំបន់ Nagorno-Karabakh ហើយអនុញ្ញាតឱ្យជនជាតិអាហ្ស៊ែបៃហ្សង់រាប់ម៉ឺននាក់ ដែលភៀសខ្លួនក្នុងសង្គ្រាមកាលពី ៣០ឆ្នាំមុននោះ ទៅរស់នៅក្នុងតំបន់នេះវិញ ដើម្បីបញ្ចប់វិបត្តិដ៏រុំារ៉ៃនេះ។
ដូចគ្នាដែរ ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev បានបញ្ជាក់ថា សង្គ្រាមនេះនឹងមិនបញ្ចប់ឡើយ រហូតទាល់តែ អាហ្ស៊ែបៃហ្សង់ គ្រប់គ្រងតំបន់នេះទាំងមូលមកវិញ។
បើយោងតាមប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងកិច្ចប្រជុំកំពូល EU នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា មានក្រុមឧទ្ទាមប្រមាណ ៣០០នាក់ បានចាកចេញពីស៊ីរី ទៅដល់ក្រុង Baku ប្រទេសអាហ្ស៊ែបៃហ្សង់ ឆ្លងកាត់តាមប្រទេសតួកគី ដើម្បីទៅជួយច្បាំងក្នុងសង្គ្រាមខាងលើនេះ។
កាលពីចុងខែកញ្ញាកន្លងទៅ ក្រសួងការពារជាតិអាមេនី បានចោទតួកគីថា បានចូលរួមពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនេះ ដោយចូលដៃជើងជាមួយអាហ្សែ៊បៃហ្សង់ ពោលគឺមានយន្តហោះចម្បាំង Sukhoi S-25 របស់ខ្លួនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-16 របស់តួកគី ក្នុងដែនអាកាសអាមេនី៕