គួរប្រុងប្រយ័ត្នឲ្យមែនទែន អត្រាកូនកើតមកមានជំងឺនេះកំពុងកើនឡើងខ្លាំង!
- 2020-10-05 06:18:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរប្រុងប្រយ័ត្នឲ្យមែនទែន អត្រាកូនកើតមកមានជំងឺនេះកំពុងកើនឡើងខ្លាំង!
ចន្លោះមិនឃើញ
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាស្ត្រីដែលមានគភ៌ហើយកើតជំងឺស្វាយកំពុងកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីជំងឺនេះបានស្ងប់ស្ងាត់មួយរយៈពេលធំ។ ប្រភេទជំងឺកាមរោគនេះអាចបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះគភ៌នៅក្នុងផ្ទៃ ក៏ដូចជាទារកដែលសម្រាលរួច ព្រោះវាអាចឆ្លងពីម្ដាយទៅកូនដោយមិនដឹងខ្លួន បើមិនមានការបង្ការទុកជាមុនឲ្យបានត្រឹមត្រូវ។
បើតាមទិន្នន័យ នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១៩ ស្ទើរតែជិត១០%នៃស្ត្រីដែលកើតជំងឺស្វាយគឺជាស្ត្រីដែលមានគភ៌។ ជំងឺនេះអាចកើតឡើងកំឡុងពេលមានផ្ទៃពោះ ឬក៏មុនពេលមានផ្ទៃពោះ ដោយអ្នកជំងឺមិនបានដឹងខ្លួនជាមុន។ ដោយឡែក បើតាមទិន្នន័យពីឥណ្ឌាវិញ កាលពីឆ្នាំ២០១២ ស្ត្រីពពោះជាង១០ម៉ឺននាក់នៅទូទៅប្រទេសមានផ្ទុកនូវជំងឺស្វាយ ហើយក្នុងនោះទារកដែលឆ្លងមានច្រើនជាងពាក់កណ្ដាលឯណោះ។ ចំណែកនៅសហរដ្ឋអាមេរិកវិញ ទិន្នន័យឆ្នាំ២០១៨បង្ហាញថា ទារកទើបកើតចំនួន ១៣០៦នាក់ បានឆ្លងជំងឺស្វាយពីម្ដាយ។
ជាឧទាហរណ៍បន្ថែម នៅក្នុងប្រទេសវៀតណាមកាលពីពេលថ្មីៗកន្លងនាដើមខែតុលា ឆ្នាំ២០២០ មានទារកម្នាក់បានឆ្លងជំងឺស្វាយពីម្ដាយ។ បើតាមគ្រូពេទ្យដែលនៅមន្ទីរពេទ្យ Nghe An បានឲ្យដឹងថា ពេលកើតមកភ្លាម គ្រូពេទ្យបានរកឃើញភាពមិនប្រក្រតីនៅលើទារកនេះតែម្ដង។ ទារកនេះមានកង្វះខាតអាហារូបត្ថម្ភ ហើយអវៈយវៈមានបង្ហាញនូវអាការៈជំងឺស្វាយ។ យ៉ាងណាមិញ ក្រោយព្យាបាលអស់២០ថ្ងៃ ស្ថានភាពសុខភាពទារកល្អប្រសើរឡើងវិញ តែរង់ចាំតាមដានបន្តបន្ថែមទៀត។ អ្នកស្រីវេជ្ជបណ្ឌិតវៀតណាមមួយរូបឈ្មោះ Huynh Thi Thanh Thuy បានរៀបរាប់ថា ជំងឺកាមរោគប្រភេទនេះអាចកើតមានលើមនុស្សគ្រប់រូប សូម្បីតែស្ត្រីកំពុងពពោះ ហើយក្នុងករណីខ្លះ វាកើតឡើងដោយមិនបង្ហាញរោគសញ្ញាអ្វីឡើយ ដែលជាហេតុពិបាកធ្វើការទប់ស្កាត់ទុកជាមុន។ អ្នកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា បើកាលណាសង្ស័យថាខ្លួនមានផ្ទុកជំងឺកាមរោគហើយ ស្ត្រីមានផ្ទៃពោះគួរតែទៅជួបគ្រូពេទ្យពិនិត្យជាបន្ទាន់។
សូមបញ្ជាក់ថា ជំងឺស្វាយស្ថិតនៅក្នុងប្រភេទពពួកជំងឺកាមរោគ ដែលបណ្ដាលមកពីបាក់តេរីឈ្មោះ Treponema pallidum ឆ្លងតាមរយៈការរួមភេទ។ ក្នុងករណីរកឃើញថាខ្លួនមានជំងឺស្វាយនៅដំណាក់កាលដំបូងៗ ការព្យាបាលនឹងមានភាពងាយស្រួល ហើយមិនផ្ដល់ផលប៉ះពាល់ជាយូរអង្វែងចំពោះអ្នកជំងឺឡើយ៕