ក្រោយព្រមឲ្យអ្នកនិពន្ធម្នាក់ចេញ ឥឡូវ Galaxy នាំយកអ្នកនិពន្ធមានស្នាដៃម្នាក់ទៀតចូលវិញបាត់
- 2020-10-05 02:52:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយព្រមឲ្យអ្នកនិពន្ធម្នាក់ចេញ ឥឡូវ Galaxy នាំយកអ្នកនិពន្ធមានស្នាដៃម្នាក់ទៀតចូលវិញបាត់
ចន្លោះមិនឃើញ
ក្រោយពីអ្នកនិពន្ធបទភ្លេង Tho Meet បានចាកចេញទៅចូលរួមជាមួយផលិតកម្មផ្សេងទើបបានប៉ុន្មានថ្ងៃនេះមក នៅម្សិលមិញនេះ ផលិតកម្ម Galaxy Navatra បានសម្រេចនាំយកអ្នកនិពន្ធបទភ្លេងម្នាក់ទៀតមកចូលរួម។
លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្មខាងលើ បានបញ្ចេញពីរឿងនេះ នៅលើបណ្ដាញសង្គមរបស់នាថ្ងៃម្សិលមិញ ដោយទទួលបានសាទរជាច្រើនពីប្រិយមិត្តអ្នកគាំទ្ររបស់ផលិតកម្ម។ តាស្រង់ បញ្ជាក់ថា អ្វីដែលលោកបាន និងកំពុងធ្វើ គឺចង់លើកទឹកចិត្ត ក៏ដូចជាផ្ដល់ឱកាសដល់អ្នកនិពន្ធវ័យក្មេង និងមានស្នាដៃ ឲ្យមានឱកាសទទួលបានភាពរីកចម្រើនបន្ថែមទៀត ទាំងសមត្ថភាពផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងឈានទៅធ្វើឲ្យរីកចម្រើនខាងផ្នែកជីវភាពផង។
"ចាប់ផ្តើមឲ្យឱកាសអ្នកភ្លេងថ្មីទៀតហើយ ខ្ញុំតែងតែឲ្យឱកាសអ្នកនិពន្ធបទភ្លេង និងរួមសហការក្នុងការធ្វើចម្រៀងរួមគ្នាជានិច្ចនាពេលកន្លងមក!"។ តាស្រង់ បញ្ជាក់ថា ទាំងលោក និងអ្នកនិពន្ធ សុទ្ធតែមានបទពិសោធន៍ដូចគ្នា ដូច្នេះហើយ ទាំងសង្ខាងអាចបំពេញឲ្យគ្នាទៅវិញទៅមក នូវចំណុចណាដែលទាំងសង្ខាងនៅខ្វះចន្លោះ។ លោក ថ្លែងដូច្នេះថា "ពួកគាត់ព្រមទាំងខ្ញុំក៏មានបទដែលទទួលជោគជ័យដោយការរួមគ្នាផងដែរ ពួកគាត់ខ្វះខ្ញុំជួយបន្ថែម ខ្ញុំខ្វះក៏បើកចិត្តឱ្យពួកគាត់ជួយបំពេញ នេះជាជីវិតការងារ!”។
អ្នកនិពន្ធចំណូលថ្មីរបស់ Galaxy រូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា ឃ្លាំង កុម្ភៈ ដែលមានស្នាដៃជាច្រើននៅផលិតកម្មចាស់របស់ខ្លួន និងនៅខាងក្រៅផលិតកម្ម។ តាមលោក យឹម តាស្រង់ កុម្ភៈ គឺជាអតីតអ្នកនិពន្ធរបស់ផលិតកម្មសាន់ដេ ហើយចំពោះអ្វីដែលប្រិយមិត្តបានឃើញ បានដឹងលឺថា រូបគេបានមកចូលជាមួយ Galaxy នាពេលនេះ ក៏ព្រោះតែ អ្នកនិពន្ធបទភ្លេងរូបនេះ បានអនុវត្តចប់កិច្ចសន្យាការងារជាមួយផលិតកម្មចាស់ហើយ។
តាមការបង្ហើប ឃ្លាំង កុម្ភៈ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយផលិតកម្ម Galaxy Navatra រួចរាល់ហើយ។ យ៉ាងណា គេមិនទាន់ដឹងថា កុម្ភៈ នឹងបញ្ចេញស្នាដៃដំបូងរបស់គេនៅពេលណានៅឡើយ។ បកទៅស្នាដៃលេចធ្លោរបស់ កុម្ភៈមុនមកចូលរួមជាមួយផលិតកម្មរបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា វិញ មានបទ "បេះដូងចេះស្រវឹង!" របស់ នាង គន្ធា "អ្នកខាងនេះ នឹកអ្នកខាងនោះ" និងបទ "មនុស្សដូចខ្ញុំ" របស់ តន់ ច័ន្ទសីម៉ា ជាដើម ដែលសុទ្ធបទផ្ទុះខ្លាំងនៅក្នុងចង្កោមយុវវ័យ៕