ម៉េចអ៊ីចឹង? Myolie Wu ថានៅ TVB ដូចនៅវត្តសៅលីញ
- 2020-10-07 00:10:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េចអ៊ីចឹង? Myolie Wu ថានៅ TVB ដូចនៅវត្តសៅលីញ
ចន្លោះមិនឃើញ
អតីតតារាជួរមុខប្រចាំស្ថានីយទូរទស្សន៍ល្បី TVB គឺអ្នកនាង Myolie Wu បានបញ្ចប់អាជីពសម្ដែងនៅលើទឹកដីហុងកុង កាលពីឆ្នាំ២០១៥កន្លងទៅ ក្រោយខ្លួនបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ជាអ្នកជំនួញជនជាតិអង់គ្លេសឈ្មោះ Philip Lee។ និយាយពីបទពិសោធន៍សម្ដែងជាមួយ TVB អស់រយៈពេល១៦ឆ្នាំ Myolie Wu បានរៀបរាប់ថា ការងារដែលខ្លួនធ្លាប់ធ្វើគឺពោរពេញទៅដោយញើសឈាម និងទឹកភ្នែកជាច្រើនទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃ។
អ្នកម្ដាយកូនមួយរូបនេះ បានប្រៀបធៀបថា ការងារនៅ TVB គឺដូចគ្នាទៅនឹងការហ្វឹកហាត់គុននៅវត្តសៅលីញអ៊ីចឹងសម្រាប់នាង។ គ្រប់ការសម្ដែងទាំងអស់ស្ថិតនៅក្រោមការចាត់ចែងរបស់ស្ថានីយ ហើយនាងគ្មានជម្រើសរើសតួដែលខ្លួនចង់សម្ដែងនោះទេ ពោលគឺគេចង់ឲ្យដើរតួអ្វីគឺនាងត្រូវតែធ្វើជាដាច់ខាត។ Myolie Wu បានបន្ថែមថា វាមិនមែនតែនាងម្នាក់ទេគឺស្ថានីយធ្វើដូច្នេះដាក់គ្រប់តួសម្ដែងទាំងអស់តែម្ដង។ នាងបានលើកឡើងទៀតថា មានថ្ងៃខ្លះនាងត្រូវថតរហូតដល់២០ម៉ោងឯណោះ ដោយរកពេលគេងពុំបានសោះឡើយ។
ចុះសួរថា Myolie Wu សោកស្ដាយទេចំពោះរឿងទាំងនេះ? ចម្លើយគឺថា "ទេ"។ ផ្ទុយទៅវិញ Myolie Wu បានចាត់ទុកវាជាបទពិសោធន៍ដ៏ល្អនៅក្នុងជីវិតមួយ។ នាងថា ពេលចាកចេញពីទីនោះ នាងមិនខ្លាចនឹងធ្វើការងារអ្វីផ្សេងទៀតឡើយ។
គួររំលឹកថា Myolie Wu បានចាប់ផ្ដើមប្រឡូកលើវិថីសិល្បៈលើកដំបូងនាឆ្នាំ១៩៩៩ ដោយបានចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាហុងកុង។ Myolie Wu ចូលសិល្បៈព្រោះចង់រកលុយផ្គត់ផ្គង់គ្រួសារនាងដែលកំពុងជួបការលំបាក ព្រោះឪពុកទើបចូលនិវត្តន៍ ហើយនាងមិនចង់ពឹងផ្អែកលើលុយគ្រួសារទើបចេញរកប្រាក់ដោយខ្លួនឯង។ ក្រោយជាប់ចំណាត់ថ្នាក់លេខ៣នៅក្នុងកម្មវិធីប្រឡង Myolie Wu ត្រូវ TVB ហៅចុះកុងត្រាសម្ដែងរយៈពេល១៦ឆ្នាំ៕