រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ៨ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
- 2020-10-06 08:51:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ៨ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ចន្លោះមិនឃើញ
ក្នុងកិច្ចប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៨ ដែលសុទ្ធសឹងតែមានសារៈសំខាន់នៅក្នុងសង្គមជាតិ ពង្រឹងកិច្ចការសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងប្រទេសនិងអន្តរជាតិ ព្រមទំាងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ក្នុងវិស័យពាណិជ្ជកម្ម ច្បាប់និងបរិស្ថានទៀតផង។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន វិញ កម្ពុជាទទួលបានសារប្រយោជន៍ជាច្រើនពីសេចក្តីព្រាងច្បាប់នេះ។
សារៈសំខាន់ៗ ដែលកម្ពុជាទទួលបានសេចក្តីព្រាងច្បាប់នេះ មានដូចជា ធ្វើឲ្យពាណិជ្ជកម្មរវាងអាស៊ាននិងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន មានភាពប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសកល។ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាននិងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា ជាដើម។
សូមជម្រាបថាសេចក្តីព្រាងច្បាប់ទំាង៨ ដែលរដ្ឋសភាបានពិភាក្សានិងអនុម័តនៅថ្ងៃនេះមាន៖
១- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
៥- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។
៦- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។
៧- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
៨- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕
ប្រភព៖ រដ្ឋសភា