"ទេពធីតា​សិច​ហុងកុង" បង្ហាញ​មុខ​ជា​ថ្មី ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ព្រោះ​រឿង​១

  • 2020-10-09 00:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ទេពធីតា​សិច​ហុងកុង" ជា​រហស្សនាម​ដែល​​ក្រុម​អ្នក​គាំទ្រ​បាន​ដាក់​ឲ្យ Chingmy Yau Suk-ching ដែល​ជា​តារា​​សម្ដែង​​ស្រី​ល្បី​ល្បាញ​​បំផុត​កាល​ពី​កំឡុង​ទសវត្ស​ទី​៨០ និង​ទី​៩០។ Suk-ching កាល​នោះ​បាន​លេច​មុខ​ជា​ច្រើន​ក្នុង​ភាពយន្ត​ល្បីៗ​​ដូចជា Royal Tramp និង Naked Killer ជា​ដើម។

រៀបការ​ជាមួយ​​អ្នក​ជំនួញ​ស្ដុកស្តម្ភ​ម្នាក់​​ហើយ​បង្កើត​បាន​កូន​​ស្រី​៣​នាក់​រួច ស្រីស្អាត​រូប​នេះ​ក៏​ស្ងប់ស្ងាត់​បាត់​ដំណឹង​ពី​​​ពិភព​សិល្បៈ។ យ៉ាង​ណា​មិញ នា​មួយ​រយៈ​ពេល​ថ្មីៗ​កន្លង​ទៅ ក៏​ចាប់​ផ្ដើម​មាន​ភាព​ភ្ញាក់ផ្អើល​សាជាថ្មី​​ម្ដង​ទៀត​ចំពោះ​​អតីត​តារា​ស្រី Suk-ching។ នោះ​គឺ​ជា​សម្រស់​​​ដ៏​​​ទាក់ទាញ​​របស់​នាង បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​វ័យ​ជាង​៥០​ឆ្នាំ​ក៏​ដោយ។ រូបថត​​ប៉ុន្មាន​សន្លឹក​របស់ Suk-ching ដែល​កំពុង​ឈរ​ជិត​កូន​ស្រី​ច្បង​របស់​ខ្លួន បាន​ក្លាយ​ជា​មុំ​ព័ត៌មាន​​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​លើ​ទឹក​ដី​ចិន-ហុងកុង។ គ្រប់​បណ្ដា​សារព័ត៌មាន ក៏​ដូចជា​ក្រុម​អ្នក​គាំទ្រ​ពិសេស​អ្នក​និយម​មើល​រឿង​ហុងកុង​ជំនាន់​មុន បាន​លើក​ពាក្យ​សរសើរ​ជា​ខ្លាំង​ពី​សម្រស់ Suk-ching ដោយ​ថា​នាង​​មិន​ចេះ​ចាស់​សោះ​ឡើយ ហើយ​មើល​ទៅ​នៅ​តែ​ក្មេង​មាន​វ័យ​ស្របាល​នឹង​កូន​ស្រី​របស់​នាង​អ៊ីចឹង។

Suk-ching ទទួល​បាន​ភាព​ល្បាញល្បី​នៅ​ក្នុង​ឆ្នាំ​១៩៨៧ ​​​​​ក្រោយ​នាង​បាន​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ហុងកុង​ ដែល​​ពេល​នោះ​នាង​មាន​វ័យ​១៩​ឆ្នាំ។ ប្រឡង​ដល់​វគ្គ​ចុង​ក្រោយ ស្រាប់​តែ​បេក្ខភាព​របស់ Suk-ching ត្រូវ​គេ​ដក​ចោល ព្រោះ​មាន​ការ​ចោទ​ប្រកាន់​ថា​នាង​បាន​វះកាត់​កែ​ចង្ការ។ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ Suk-ching មិន​ធ្លាប់​ធ្វើ​ការ​បកស្រាយ​អ្វី​ឡើយ។ ភាពយន្ត​ដំបូង​ដែល Suk-ching សម្ដែង​មាន​ចំណង​ជើង​ថា "The Crazy Companies" នា​ឆ្នាំ​១៩៨៨។ កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បី​នៅ​កំឡុង​ទសវត្ស​ទី​៩០ តារា​ស្រី​រូប​នេះ​មាន​ឱកាស​ចាប់​ដៃគូ​សម្ដែង​ជាមួយ​តួ​ល្បី​ជា​ច្រើន​ដូចជា Stephen Chow, Andy Lau, Jet Li និង Aaron Kwok ជា​ដើម។ ក្រៅ​ពី​ភាពយន្ត​បែប​កំប្លែងៗ​ធម្មតា Suk-ching ក៏​មាន​វត្តមាន​សម្ដែង​នៅ​ក្នុង​រឿង​ក្ដៅ​សាច់​ជា​ច្រើន​ផង​ដែរ ដោយ​ក្នុង​នោះ​រឿង​ល្បី​ជាង​គេ​របស់​នាង​គឺ "Naked Killer" ឆ្នាំ​១៩៩២។ ការ​ចូលរួម​សម្ដែង​ចុង​ក្រោយ​បង្អស់​របស់​នាង​គឺ​នៅ​ឆ្នាំ​១៩៩៧ មុន​ពេល​រៀបការ​ជាមួយ​លោក Sham Kar Wai៕

Chingmy Yau Suk-ching ជាមួយ​កូន​ស្រី ថត​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

;