​រដ្ឋមន្រ្តីសាធារណការ៖ ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងផ្លូវដល់ ១១ម៉ែត្រ

  • 2020-10-08 09:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងផ្លូវពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ តាមកន្លែងមួយចំនួន និងថែមទាំងមានការអ៊ុតកៅស៊ូឡើងវិញផងដែរ ក្រោមកម្ចីរបស់ធនាគារពិភពលោក។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូល​ កាលពីថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកទេសរដ្ឋមន្រ្តីបញ្ជាក់​យ៉ាងដូច្នេះថា៖ «**ផ្លូវលេខ៤នេះ នឹងមានការពង្រីកពី ៧ម៉ែត្រ ទៅ ១១ម៉ែត្រ រៀបចំចាក់កៅស៊ូឡើងវិញ ដោយសារផ្លូវនេះ មិនបានចាក់កៅស៊ូយូរហើយ។ អ៊ីចឹងយើងមានថវិកាពីធនាគារពិភពលោក ប្រហែល ១១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចាក់កៅស៊ូ ពង្រីកផ្លូវពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ នៅកន្លែងមួយចំនួន លើកកម្ពស់​ផ្លូវមួយចំនួន ដែលបានលិចពេលភ្លៀងម្តងៗ។ យើងបានដាក់ដេញថ្លៃបាន ២កញ្ចប់ហើយ នៅសល់២ ឬ ៣កញ្ចប់ទៀត ដើម្បីអ៊ុតកៅស៊ូឡើងវិញនៅផ្លូវជាតិលេខ៤របស់យើង**»។

​សូមរំលឹក​ថា ​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ធនាគារពិភពលោក  បាន​សម្រេច​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​គ្មាន​ការ​ប្រាក់ ចំនួន ១១០លាន​ដុល្លារ ឱ្យ​កម្ពុជា សម្រាប់​គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវ​ជាតិ​លេខ៤ ប្រវែង​ជាង ២០០​គីឡូម៉ែត្រ។ តាមរយៈ​ជំនួយ​នេះ ផ្លូវជាតិ​លេខ៤ ដែល​ជាផ្លូវ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់ ទៅ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ នឹង​ទទួល​បាន​ការ​បង្កើន​គុណភាព​ឱ្យ​ល្អជាង​មុន តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការ​រៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សង​ខាងផ្លូវ ការ​ដាក់​លូ​បង្ហូរទឹក និង​ការធ្វើ​ស្ពាន នៅក្នុង​តំបន់​ងាយ​លិចទឹក នៅតាម​ដង​ផ្លូវនេះ។

ជំនួយ​ហិរញ្ញប្បទាន​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ផងដែរ ដើម្បី​បង្កើន​សមត្ថភាព​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​បច្ចុប្បន្ន និង​ជួយ​កាត់​បន្ថយហានិភ័យ ដែល​បណ្តាល​មកពី​ការ​ដឹក​ទំនិញ​លើស​ទម្ងន់។ សុវត្ថិភាព​ផ្លូវ នឹង​ត្រូវ​ចាត់ទុក​ជា​អាទិភាព​ចម្បង តាមរយៈ​ការ​កំណត់​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត ផ្លូវ​មាន​សុវត្ថិភាព និង​កែ​លម្អ​ផ្លូវខ្នាត​តូចភ្ជាប់ផ្លូវ​ឡើង​មក​ផ្លូវ​ជាតិ ដែល​រួមមាន​ទាំង​ការដំឡើង​ស្លាកសញ្ញា​បង្ហាញ​ផ្លូវ បង្គោល​ភ្លើង​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ និង​កាមេរ៉ា​ចាប់ល្បឿន​រថយន្ត​ទៀតផង៕

អត្ថបទថ្មី
;