សារលិខិតសម្តេច ហ៊ុន សែន ត្រូវបានដាក់ផ្សាយលើគេហទំព័រអង្គការទេសចរណ៍ពិភពលោក

  • 2020-10-09 02:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសារលិខិតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ និងបានផ្សព្វផ្សាយខ្លឹមសារនៃសារលិខិតនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនតែម្ដង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការផ្សព្វផ្សាយសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានៅលើគេហទំព័រ UNWTO នេះ បានធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈកម្ពុជាបានចាត់ទុកកាយវិការនេះថា បានឆ្លុះបញ្ចាំអំពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំកំពូលៗ នៃប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោក លើតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩។

អង្គការទេសចរណ៍ពិភពលោក ក៏បានរំលេចអំពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនាម័យផ្សេងៗ ជាពិសេសតួនាទីរបស់ ក្រសួងទេសចរណ៍កម្ពុជា។

អង្គការទេសចរណ៍ពិភពលោកបានបញ្ជាក់ថា ក្រោមការដឹកនាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានក្នុងអាណត្តិ ឆ្នាំ២០២០ និងជាប្រធានវេទិកាទេសចរណ៍ពិភពលោក ឆ្នាំ២០២១ ក្រសួង ទេសចរណ៍កម្ពុជាបានរៀបចំកិច្ចការជាប្រយោជន៍រួមជាច្រើន រួមមាន៖

១៖ គំនិតផ្ដួចផ្ដើមបង្កើតឱ្យមានបែបផែននៃការធ្វើដំណើរក្នុងតំបន់អាស៊ាន ប្រកបដោយសុវត្ថិភាព និងលក្ខខណ្ឌជាក់លាក់ (ASEAN TRAVEL BUBBLE)។

២៖ ដឹកនាំរៀបចំបង្កើតវិធានសុវត្ថិភាព និងអនាម័យអាស៊ាន។

៣៖ ដឹកនាំរៀបចំបង្កើតផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍អាស៊ាន បន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយកម្ពុជាបាននិងកំពុងផែនទីចង្អុលផ្លូវ សម្រាប់ស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ។

គួរជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធធ្វើឡើងដោយសមាជិកអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅថ្ងៃទី២៧ ខែកញ្ញា ឬក្រោយថ្ងៃនេះ ដើម្បីផ្សព្វផ្សាយអំពីទស្សនវិស័យអនាគតនៃវិស័យទេសចរណ៍ក្នុងទិសដៅជាក់លាក់ ដើម្បីចូលរួមចំណែកដល់កាសម្រេចបាននូវរបៀបវារៈពិភពលោក។

សម្រាប់ឆ្នាំ២០២០នេះ ទិវាទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ដោយផ្តោតជាពិសេសលើវិធីសាស្រ្តក្នុងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ និងកែប្រែសក្តានុពលទេសចរណ៍ជាចលករសម្រាប់ភាពរឹងមាំ និងការទទួលខុសត្រូវកាន់តែប្រសើរទៅថ្ងៃអនាគត។

សូមចូលទៅកាន់លីងរបស់អង្គការទេសចរណ៍ពិភពលោកនេះ ដើម្បីស្វែងយល់ពីព័ត៌មានលម្អិត៖ https://www.unwto.org

អត្ថបទថ្មី
;