រដ្ឋមន្រ្តីធនធានទឹក បញ្ជាឱ្យបើកទ្វារទឹកមួយ ដើម្បីរំដោះទឹកជំនន់នៅក្រុងពោធិ៍សាត់
- 2020-10-10 01:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីធនធានទឹក បញ្ជាឱ្យបើកទ្វារទឹកមួយ ដើម្បីរំដោះទឹកជំនន់នៅក្រុងពោធិ៍សាត់
ចន្លោះមិនឃើញ
ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិ៍សាត់ជន់លិចក្រុង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក (ទ្វា ០៤) នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប។
ការចាត់វិធានការនេះ ធ្វើឡើងក្នុងពេលលោករដ្ឋមន្រ្តីបានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
ក្រសួងធនធានទឹក ឱ្យដឹងថា បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិ៍សាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់បានឡើងដល់កម្ពស់ ៥,៥២ម៉ែត្រ លើសកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិ៍សាត់ អស់មួយផ្នែក៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម