ប្រកួតបន្ទាប់ ចាន់ រតនា អាចប៉ះជើងខ្លាំង​ឥណ្ឌា​ដែលឈ្នះនៅ ONE យប់មិញ!

  • 2020-10-10 02:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកជំនាញយុទ្ធគុនចម្រុះ​ឥណ្ឌា Roshan Mainam បា​ន​យក​ឈ្នះ​កីឡាករចិន Peng Shuai Liu ដោយ​ប្រើ​ក្បាច់​ក្លេ ក ពីក្រោយ (Rear naked choke) ត្រឹមទឹកទី២ ក្នុងកម្មវិធី ONE: REIGN OF DYNASTIES នៅសិង្ហបុរី កាលពីយប់មិញ។ ក្រោយជ័យជម្នះនេះ វិបសាយ ONEFC.com បាន​បញ្ជាក់ថា គូប្រកួត​បន្ទាប់​របស់​កីឡាករ​ឥណ្ឌា​ដែលកំពុង​ហាត់ក្នុងក្លឹបល្បីក្នុងសិង្ហបុរី Evolve MMA រូបនេះ អាច​ជា​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា។

Roshan Mainam ឈ្នះកីឡាករចិន Peng Shuai Liu (រូបភាព៖ ONE Championship)
ប្រភពដដែលបញ្ជាក់ថា រតនា អាចនឹងក្លាយជាគូប្រកួត​ដ៏ជក់ចិត្ត​ជាមួយ​ Mainam ដោយ​សារ​ក្បាច់​គុន​ខ្មែរ​ដ៏ល្អរបស់​ខ្លួន។ បន្ថែម​លើ​នេះ ONE ក៏បានសរសើរ​ពី​ក្បាច់​ការពារឃ្លេ និងដោះឃ្លេ​របស់​ចាន់ រតនា​ផងដែរ។ ជាក់ស្ដែង គូប្រកួត​ដែលពូកែឃ្លេ​៣នាក់​ជាប់ៗគ្នាហើយ ដែលបាន​ចាញ់​ចាន់ រតនា រួមមាន​ជើងឯក​ចំបាប់គុយបា Gustavo Balart និងជើងខ្លាំង​ឥណ្ឌូណេស៊ី Rudy Agustian ផងដែរ។

ងាកមកនិយាយពី Mainam វិញម្ដង។ កីឡាករ​វ័យក្មេង​រូបនេះ គឺជាជើងឯក​ចំបាប់​ថ្នាក់ជាតិ​របស់​ឥណ្ឌា ដែលបានហាត់​ក្បាច់​ចំបាប់ តាំងពីអាយុ​៩ឆ្នាំមក​ម្ល៉េះ។ ក្រោយជោគជ័យខ្លាំង​ក្នុង​ការ​ប្រកួត Super Fight League របស់ឥណ្ឌា Mainam បានធ្វើតេស្ដ​ជាប់​នៅក្លឹប​ដ៏ល្បី Evolve ក្នុង​ប្រទេស​សិង្ហបុរី ដោយ​ប្រជែង​ឈ្នះ​បេក្ខភាព​ខ្ទង់​រយនាក់ ហើយ​បន្ទាប់​មកក៏ចុះកុងត្រា​នៅ ONE Championship។ ២ប្រកួត​នៅ ONE កន្លងមក Mainam បានឈ្នះ​មុនចប់ទឹកទាំងអស់ គឺឈ្នះកីឡាករគុនខ្មែរ ខុន ស៊ីចាន់ ក្នុងទឹកទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងទើបឈ្នះ​កីឡាករ​ចិន Peng Shuai Liu កាលពីយប់ថ្ងៃសុក្រ។ បើនិយាយពីកំណត់ត្រា​រួមវិញ Mainam ធ្លាប់ប្រកួត ៧ដង ឈ្នះ៥ដង និងចាញ់ ២ដង។

ចាន់ រតនា ពេលឈ្នះ Gustavo Balart កាលពីខែសីហា ឆ្នាំ២០១៩ (រូបភាព៖ ONE Championship)

ចំណែក ចាន់ រតនា វិញ បានឈ្នះ ៣ប្រកួត​ជាប់​គ្នា​​នៅ ONE (កំណត់ត្រាសរុប ឈ្នះ៧ដង និងចាញ់៣ដង) ខណៈប្រកួត​ចុងក្រោយ គឺតាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ។ តាមពិតទៅ រតនា ត្រូវមានឈ្មោះ​ប្រកួត​ជាមួយជើងខ្លាំងជប៉ុន តាំងពីខែមេសា​កន្លងទៅ ប៉ុន្តែ​ដោយសារ​កូវីដ១៩ ទើប ONE សម្រេច​លុប​ចោល​កម្មវិធីប្រកួត​វិញ។

យ៉ាងណាក្ដី ការលើកឡើងខាងលើនេះ គ្រាន់តែជាការ​វិភាគរបស់ ONEFC.com ប៉ុណ្ណោះ។ ការប្រកួតផ្លូវការកើតឡើង​មែនឬយ៉ាងណា នឹងត្រូវប្រកាស​នាពេលខាងមុខ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;