វិធានការបន្ទាន់មួយ ត្រូវបានដាក់ចេញ ដើម្បីទប់ទល់នឹងទឹកជំនន់នៅខេត្តបាត់ដំបង
- 2020-10-10 07:12:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធានការបន្ទាន់មួយ ត្រូវបានដាក់ចេញ ដើម្បីទប់ទល់នឹងទឹកជំនន់នៅខេត្តបាត់ដំបង
ចន្លោះមិនឃើញ
នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក្រសួងនៃរាជរដ្ឋាភិបាល បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។
ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និងផ្នែកមួយចំនួននៃឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែវានឹងបង្កការជន់លិចទៅផ្នែកខាងក្រោមក្នុងស្រុកមោងឫស្សីជាបន្ត ។
ដើម្បីទប់ទល់នឹងបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចចេញនូវផែនការទប់ទំនប់អាងទឹកបាសាក់ឡើងវិញជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនកូរ៉េដែលកំពុងប្រតិបត្តិការនៅទំនប់ដូនទ្រី ក្នុងស្រុករុក្ខគិរី ស្ថិតនៅក្បែរនោះស្រាប់ ដោយប្រើគ្រឿងចក្រធុនធ្ងន់ ចំនួន ១៨គ្រឿង ចាក់ល្បាយថ្ម ទំហំ ៦០ស.ម និងដីជួសជុលចាក់បិទទំនប់ដេញមកបណ្តើរៗ និងចុងម្ខាងទៀតបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុកជួសជុលបិទភ្ជិតទំនប់ដែលដាច់ឲ្យជាប់ដូចដើមក្នុងរយ:ពេល ២ រឺ ៣ថ្ងៃ បើទោះបីស្ពានបេឡេដែលខេត្តសន្យាជួយតភ្ជាប់ផ្លូវមិនទាន់រួចក៏ដោយ។ គោលបំណងគឺ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខ។
ក្រៅពីជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេល ក៏កំពុងប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀងនេះផងដែរ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម