ក្រុមហ៊ុនមួយ បញ្ចេញគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ថ្មី នៅតំបន់តារាសាគរ
- 2020-10-12 03:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមួយ បញ្ចេញគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ថ្មី នៅតំបន់តារាសាគរ
ចន្លោះមិនឃើញ
ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យទេសចរណ៍ដ៏ធំមួយនៅកម្ពុជានោះ បានបញ្ចេញគម្រោងថ្មីមួយទៀតនៅតំបន់តារាសាគរ នោះគឺគម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាច័ន្ទ ដើម្បីបម្រើសេចក្ដីត្រូវការបន្ថែមសម្រាប់ភ្ញៀវទេសចរជាតិក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន និងដើម្បីត្រៀមទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិ ក្រោយពេលវិបត្តិជំងឺកូវីដនេះត្រូវបានបញ្ចប់នាពេលខាងមុខ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវគម្រោងនេះនឹងជំរុញទាក់ទាញឱ្យមានការវិនិយោគមកទស្សនា និងសម្រាកលម្ហែកាយពីសំណាក់វិនិយោគិន និងភ្ញៀវទេសចរជាច្រើនថែមទៀត។ មិនត្រឹមតែប៉ុណ្នោះ គម្រោងអភិវឌ្ឍន៍នេះនឹងបង្កើតបាននូវឱកាសការងារ និងប្រាក់ចំណូលបន្ថែមទៀតទៅកាន់ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
លោក ហាប់ ទូច បានលើកឡើងថា ការរួមចំណែករបស់ក្រុមហ៊ុន បាននិងកំពុងបម្រើឱ្យវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យវប្បធម៌ និងទេសចរណ៍កម្ពុជា ជាពិសេសសម្រាប់ខេត្តកោះកុង។ លោកថា គម្រោងនេះក៏នឹងចូលរួមជំរុញឱ្យគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា-ចិន ក៏ដូចជាគម្រោងតារាសាគរ ទទួលបាននូវឱកាសសហប្រតិបត្តិការកាន់តែទូលំទូលាយ និងប្រកបដោយផ្លែផ្កាផងដែរ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានឱ្យដឹងដែរថា គម្រោងខាងលើនេះជាឱកាសដ៏ពិសេសមួយសម្រាប់កម្ពុជា ជាពិសេសខេត្តកោះកុងផ្ទាល់ ដែលនឹងមានសហគមន៍ភូមិគ្រឹះចម្រុះអេកូទេសចរណ៍ដែលមានលក្ខណៈធម្មជាតិ និងថ្មីដំបូងគេបង្អស់លេចរូបរាងឡើង។ បុរីទេសចរណ៍ និងវប្បធម៌តារាច័ន្ទនេះនឹងក្លាយជាសមិទ្ធផលទេសចរណ៍ដ៏ធំមួយទៀត ដែលនឹងអាចចូលរួមស្តារវិស័យទេសចរណ៍ខេត្តកោះកុង។
ដូចអ្វីដែលថ្នាក់ដឹកនាំកម្ពុជាបានរំពឹងទុក តារាសាគរនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើ និងធ្វើសមាហរណកម្មទៅក្នុងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាពទាក់ទាញក្នុងវិស័យទេសចរណ៍ សេវាកម្មសាធារណៈ នវានុវត្តន៍ និងទំនាក់ទំនងវប្បធម៌នៅអាស៊ីអាគ្នេយ៍ ព្រមទាំងកសាងគម្រោងនេះឱ្យទៅជាតំបន់គំរូនាំមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចនៅលើពិភពលោកផងដែរ។
គួរជម្រាបថា គម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាចន្ទនេះ មិនត្រឹមតែជាផលិតផលល្អបំផុតក្នុងស៊េរីគម្រោងតារាច័ន្ទក្នុងតារាសាគរប៉ុណ្ណោះទេ ថែមទាំងជាផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីរបស់ខេត្តកោះកុងផងដែរ។ តារាសាគរស្ថិតនៅជិតមាត់សមុទ្រ និងបឹងបៃតង ដែលពោរពេញទៅដោយប្រព័ន្ធជីវចម្រុះ និងធម្មជាតិ ជាតំបន់អភិរក្សព្រៃកោងកាងធំជាងគេទី២ នៅក្នុងពិភពលោកដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤៧,៧៤ គីឡូម៉ែត្រការ៉េ គួបផ្សំនឹងឆ្នេរខ្សាច់យ៉ាសក្បុសចម្ងាយ ៩០ គីឡូម៉ែត្រ៕
ប្រភព៖ ក្រសួងទេសចរណ៍