ទាំងនេះជាអ្វីដែលគេដឹងមុនអំពី iPhone 12 ដែលនឹងប្រកាសចេញយប់នេះ

  • 2020-10-13 02:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​នា​យប់​ថ្ងៃ​ទី​១៣ ​រំលង​ចូល​ថ្ងៃ​ទី​១៤​ ខែ​តុលា​នេះ ​ដោយ​ការ​ប្រកាស​ចេញ​នា​ឆ្នាំ​នេះ​នឹង​រៀប​ចំ​​ឡើង​ជា​លក្ខណៈ​អនឡាញ​សុទ្ធ​មិន​មាន​ទស្សនិកជន​ចូល​រួម​ទស្សនា​ផ្ទាល់​នោះ​ឡើយ។ ត​ទៅ​នេះ​គឺ​ជា​ការ​បូក​សរុប​ដំណឹង​ច្បាស់​ការណ៍​ដែល​គេ​ដឹង​មុន​អំពី iPhone ជំនាន់​ថ្មី។

១. ឈ្មោះ

ស្ទីកគ័រ​សម្រាប់​សម្បក​ការពារ​ប្រភេទ​ស៊ីលីកូន​របស់ iPhone ជំនាន់​ថ្មី
iPhone ជំនាន់​ថ្មី​នឹង​មាន​ចំនួន​បួន​ម៉ូដែល​ឯណោះ ដែល​គេ​ជឿជាក់​ថា​វា​មាន​ឈ្មោះ iPhone 12 mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max។ iPhone 12 mini និង iPhone 12 ជា​អ្នក​ស្នង​តំណែង iPhone 11 ខណៈ​ដែល iPhone 12 Pro និង iPhone 12 Pro Max ជា​អ្នក​ស្នង​តំណែង iPhone 11 Pro និង iPhone 11 Pro Max។

២. ការ​ឌីហ្សាញ

iPhone ជំនាន់​ថ្មី​ទាំង​បួន​រំពឹង​ថា​មាន​ប្រើ​ប្រាស់​នូវ​រចនាបថ​គែម​រាង​ជ្រុង​​ដូច​ជា​ iPhone 4 និង iPad Pro ជំនាន់​ថ្មី​ដែរ។ iPhone 12 mini មាន​អេក្រង់​ទំហំ ៥,៤អ៊ីញ ហើយ iPhone 12 និង iPhone 12 Pro មាន​អេក្រង់​ទំហំ ៦,១អ៊ីញ។ ចំណែក iPhone 12 Pro Max មាន​អេក្រង់​ទំហំ ៦,៧អ៊ីញ ជា​អេក្រង់​ដែល​ធំ​បំផុត​​មិន​ធ្លាប់​មាន​លើ iPhone។ iPhone 12 ទាំង​អស់​នឹង​បំពាក់​នូវ​អេក្រង់​ប្រភេទ​ OLED ​ដូច​គ្នា ហើយ​អេក្រង់​មាន​ការពារ​ដោយ​កញ្ចក់​ថ្មី​ឈ្មោះ​ថា "Ceramic Shield” ដែល​​មាន​ភាព​ធន់​ខ្លាំង​ជាង​មុន។

​​​​​​៣. ​កាមេរ៉ា

iPhone 12 mini និង iPhone 12 នឹង​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ ដែល​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​មេ​ប្រភេទ Wide និង​កាមេរ៉ា​មួយ​ទៀត​ជា​ប្រភេទ​ Ultrawide។ ចំណែក​ឯ​ iPhone 12 Pro និង iPhone 12 Pro Max មាន​កាមេរ៉ា​ក្រោយ​បី​គ្រាប់​ ជា​ប្រភេទ​កាមេរ៉ា​ Wide គួប​ផ្សំ​នឹង​កាមេរ៉ា Telephoto និង​កាមេរ៉ា Ultrawide រួម​ទាំង​មាន​នូវ​ Sensor LiDAR បន្ថែម​ពី​លើ​ផង​ដែរ។ កាមេរ៉ា Telephoto លើ​ប្រភេទ Pro មាន​សមត្ថភាព​អាច​ Zoom បាន​ឆ្ងាយ​ជាង​មុន​ ទាំង​សម្រាប់​ការ Zoom Optical និង Zoom Digital។

​លើ​កាមេរ៉ា​នៃ iPhone 12 ទាំង​បួន​ក៏​នឹង​​មាន​មុខងារ Deep Fusion និង​មុខងារ Night Scene ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន ​ហើយ​សម្រាប់​​មុខងារ​ Smart HDR ​ក៏​បាន​វិវត្តន៍​ដល់​ Smart HDR 3 ផង​ដែរ។

៤. ផ្នែក​ខាង​ក្នុង​

iPhone 12 ទាំង​បួន​នឹង​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ A14 Bionic ទំហំ ៥​ណាណូ​ម៉ែត្រ ដែល​​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន និង​សន្សំសំចៃ​ថាមពល​បាន​កាន់​តែ​ច្រើន​ ហើយ​មាន​គាំទ្រ​នូវ​សេវា 5G ជា​លើក​ដំបូង​ផង​ដែរ។ iPhone 12 mini និង iPhone 12 នឹង​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ 64GB, 128GB និង 256GB។ ចំណែក iPhone 12 Pro និង iPhone 12 Pro Max មាន​ទំហំ​តូច​បំផុត​ចាប់​ពី 128GB ដល់ 512GB។

៥. តម្លៃ

iPhone 12 mini នឹង​មាន​តម្លៃ​ចាប់​ពី ៦៩៩​ដុល្លារ, iPhone 12 មាន​តម្លៃ​ចាប់​ពី ៧៩៩​ដុល្លារ, iPhone 12 Pro មាន​តម្លៃ​ចាប់​ពី ៩៩៩​ដុល្លារ ហើយ iPhone 12 Pro Max នឹង​មាន​តម្លៃ​ចាប់​ពី ១០៩៩​ដុល្លារ ជា​តម្លៃ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ iPhone 12 ទាំង​បួន​​រំពឹង​ថា​នឹង​ចេញ​លក់​ជា​បី​ដំណាក់​កាល ដោយ iPhone 12 និង iPhone 12 Pro ចេញ​លក់​មុន​គេ បន្ទាប់​មក​គឺ iPhone 12 mini និង​ចុង​ក្រោយ iPhone 12 Pro Max៕​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;