លម្អិតអំពីចំណុចខ្លាំងកាមេរ៉ា iPhone 12 Pro Max

  • 2020-10-14 03:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone 12 Pro និង iPhone 12 Pro Max មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​បី​គ្រាប់​ដូច​គ្នា ប៉ុន្តែ iPhone 12 Pro Max មាន​បំពាក់​បន្ថែម​មុខងារ​​កាមេរ៉ា​ពិសេសៗ​ជា​ច្រើន​មិន​ធ្លាប់​មាន​លើ iPhone ពី​មុន​មក។

  • ការ​ឌីហ្សាញ​កាមេរ៉ា​

iPhone 12 Pro Max មាន​ Sensor ទំហំ​ធំ​ជាង iPhone 12 Pro រហូត​ដល់ ៤៧% ដែល Sensor ធំ​ជាង​នេះ​អាច​​ផលិត​រូបភាព​មាន​ Dynamic Range ប្រសើរ​ជាង​មុន, អាច​ផលិត​រូបភាព​នៅ​ទី​ងងឹត​បាន​ប្រសើរ និង​មាន​គុណភាព​រូបភាព​ខ្ពស់​ជាង iPhone ណាណា​ទាំង​អស់។ Apple បាន​អះអាង​ថា​ iPhone 12 Pro Max អាច​ផលិត​រូបភាព​នៅ​ទី​ងងឹត​បាន​ប្រសើរ​ជាង iPhone 11 Pro Max ដល់​ទៅ ៨៧% ឯណោះ។

Sensor ទំហំ​ធំ​នេះ​ដែរ អាច​ឲ្យ Apple បង្កើន​ Focal Length នៃ​កាមេរ៉ា Telephoto បាន​ដល់​ទៅ​ ៦៥​ម.ម ដែល​មាន​ន័យ​ថា​វា​អាច​ Zoom បាន​ឆ្ងាយ​ ពោល​អាច​ Zoom Optical បាន៥ដង ប្រសិនបើរាប់ពី Ultrawide ហើយ Zoom ទៅកាន់ Telephoto។ បន្ថែម​ពី​នេះ​ Pro Max ប្រើ​​នូវ​មុខងារ​រក្សា​លំនឹង​លើ​ Sensor តាម​រយៈ​បច្ចេកវិទ្យា​បម្រែបម្រួល​ Sensor ដែល​បច្ចេកវិទ្យា​នេះ​គេ​និយម​ប្រើ​លើ​កាមេរ៉ា Mirrorless ខ្នាត​ធំ។

Sensor នៃ​កាមេរ៉ា​លើ iPhone 12 Pro Max ផលិត​រូបភាព​ច្រើន​សន្លឹក​ក្នុង​ពេល​តែ​មួយ​ នៅ​ក្នុង Image Singal Processor បន្ទាប់​មក​ធ្វើ​ការ​គណនា​លើ​រូប​ទាំង​នោះ ហើយ​ឆ្លង​កាត់​នូវ​ Neural Engine ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប A14 Bionic ដើម្បី​ផលិត​បាន​ជា​រូបភាព​មួយ​សន្លឹក​ដែល​មាន​គុណភាព​​ខ្ពស់​បំផុត។

  • មុខងារ Night Mode

មុខងារ Night Mode នា​ពេល​នេះ​បាន​បន្ថែម​លើ​កាមេរ៉ា TrueDepth (កាមេរ៉ា Selfie) និង​កាមេរ៉ា Ultrawide ផង​ដែរ។ បន្ថែម​ពី​នេះ Apple ក៏​មាន​បន្ថែម​មុខងារ​ថ្មី​ឈ្មោះ​ថា Night Mode Time-Lapse ដែល​អាច​ថត​វីដេអូ Time-Lapse នៅ​ទី​ងងឹត​ ដោយ​​វីដេអូ​មាន​ភាព​ច្បាស់​ជាង​មុន, ពន្លឺ​ភ្លឺ​ជាង​មុន និង​មាន​ Exposure ប្រសើរ​ជាង​មុន​ផង​ដែរ។

  • ការ​បំពាក់ Sensor LiDAR

iPhone 12 Pro ទាំង​ពីរ​ប្រភេទ​ក៏​មាន​បំពាក់​នូវ​ Sensor LiDAR ​ដែល​អាច​ប្រើ​សម្រាប់​ការ​ Autofocus ពេល​ថត​នៅ​ទី​ងងឹត, អាច​សម្គាល់​លើ Subject និង​អាច​ជួយ​​ដល់​ការ​ថត​រូបភាព/វីដេអូ ដំណើរ​ការ​លឿន​ជាង​មុន។ ការ​ថត​នៅ​ទី​ងងឹត មុខងារ Autofocus នឹង​ដំណើរ​ការ​លឿន​ជាង​មុន​ដល់​ទៅ​៦ដង ហើយ​ការ​ថត​ Portrait នៅ​កន្លែង​ងងឹត​ក៏​ប្រសើរ​ជាង​មុន​ផង​ដែរ។

  • HDR និង Dolby Vision

Apple បាន​អនុញ្ញាត​ឲ្យ​ថត​វីដេអូ​ប្រភេទ HDR ជា​លើក​ដំបូង​លើ iPhone ជា​មួយ iPhone 12 Pro/Pro Max ដែល​វីដេអូ​ប្រភេទ​នេះ​​មាន​ពណ៌​ចំនួន ៧០០​លាន​ពណ៌ (ពណ៌​ច្រើន​ជាង​មុន ៦០​ដង)។ សម្រាប់ iPhone 12 Pro Max អាច​ផលិត​វីដេអូ​ប្រភេទ Dolby Vision HDR ក្នុង​ល្បឿន​ដល់ ៦០ប្លង់/វិនាទី ហើយ​ថែម​ទាំង​អាច​កែ​សម្រួល​វីដេអូ Dolby Vision នៅ​លើ​កម្មវិធី Photos បាន​ដោយ​ផ្ទាល់​ទៀត​ផង។

  • Apple ProRAW

Apple នឹង​បញ្ចេញ​កំណែ​ទម្រង់​នៅ​ចុង​ឆ្នាំ​នេះ​ដែល​​នឹង​បន្ថែម​មុខងារ Apple ProRAW លើ iPhone 12 Pro ទាំង​ពីរ។ Apple ProRAW នេះ​គឺ​ជា​វិធីសាស្ត្រ​​ដាក់​បញ្ចូល​​រូបភាព​ច្រើន​ប្លង់​លាយ​បញ្ចូល​គ្នា ក្នុង​ទ្រង់ទ្រាយ​ជា​រូបភាព RAW។ វា​អាច​ប្រមូល​ទិន្នន័យ​ជា​ច្រើន​នៃ​រូបភាព​ប្លង់​នីមួយៗ​ដាក់​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដើម្បី​​អាច​កែ​សម្រួល​នា​ពេល​ក្រោយ​បាន​តាម​ចិត្ត​តាម​រយៈ​កម្មវិធី Photos ដែល​អាច​កែ​ពណ៌, ​កម្រិត​​ម៉ត់​នៃ​សាច់​រូបភាព និង Dynamic Range ជា​ដើម។

គួរ​ដឹង​ថា iPhone 12 Pro នឹង​មាន​តម្លៃ​ចាប់​ពី ៩៩៩​ដុល្លារ ហើយ iPhone 12 Pro Max នឹង​មាន​តម្លៃ​ចាប់​ពី ១០៩៩​ដុល្លារ ជា​តម្លៃ​នៅ​លើ​ទីផ្សារ​បរទេស៕​

​​​​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;