កងកម្លាំង​អាកាស​ចិន​ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ បន្ទាប់ស៊ីជីងពីង អំពាវនាវឲ្យ​​ត្រៀម​សម្រាប់​​សង្គ្រាម​

  • 2020-10-17 05:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ចិន​បាន​បញ្ចេញ​រូប​វីដេអូ​នៃ​កងទ័ពអាកាស​របស់ខ្លួន ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ប្រធានាធិបតី ស៊ី ជីន​ពីង អំពាវនាវឲ្យ​​យោធា​របស់​លោក​ ផ្តោតលើ​ការត្រៀម​​សម្រាប់​សង្គ្រាម​។​

​ក្នុង​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ដោយ​ទូរទស្សន៍​ CCTV កាលពីថ្ងៃសុក្រ ទី១៦ តុលា យន្តហោះ​ប្រយុទ្ធ​ចិន​មួយក្រុម​ហោះ​កាត់​ភ្នំ​និង​លើសមុទ្រ នៅពេល​អាកាសយានិក​បាញ់​គ្រាប់​សំដៅ​គោលដៅ​ក្នុងអំឡុងពេល​ហ្វឹកហាត់​ប្រយុទ្ធ​។​

​ការបង្ហាញ​វីដេអូ​នេះ​កើតឡើង​បន្ទាប់​ពី​មេដឹកនាំ​ប្រទេស​បាន​ប្រាប់​ទៅ​ទាហាន​ម៉ា​រី​ន​ ឲ្យ​ផ្តោត​លើ​ការត្រៀមខ្លួន​ប្រយុទ្ធ ហើយ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងពេលលោក​ចុះ​ទៅ​ទស្សនកិច្ច​មូលដ្ឋា​ន​យោធា​​មួយ​នៅក្នុង​ខេត្ត​ក្វាង​ទុង​ភាគខាងត្បូង​នៅ​សប្តាហ៍​នេះ​។​

​ចិន​បាន​និង​កំពុង​បញ្ចេញ​សាច់ដុំ​យោធា ​និង​ធ្វើ​សមយុទ្ធ​យោធា​ចំពេល​មាន​ភាព​តានតឹង​រវាង​ខ្លួន​និងអាមេរិក រួមទាំង​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន ដែល​ត្រូវ​បង្រួបបង្រួម​ឡើង​​វិញ​និង​អាច​ប្រើ​កម្លាំងយោធា​បើ​ចាំបាច់​។​

​អម​ដោយ​បទ​ភ្លេង យន្តហោះ​ចម្បាំង​មួយ​ក្រុម​នោះ បាន​ចេញពី​ផ្លូវ​ហោះ នៅពេល​អាកាសយានិក​ហោះ​រំលង​ភ្នំ​និង​លើ​សមុទ្រ ហើយ​បាញ់​គ្រាប់​លើ​គោលដៅ​ក្នុង​អាកាស​។​ សមយុទ្ធ​នេះ​ត្រូវបាន​គេ​និយាយថា​ត្រូវ​​បាន​ធ្វើឡើង​នៅ​ទីតាំង​មួយ​ក្នុង​ខេត្ត​ក្វាង​ទុង​កាលពី​ថ្ងៃ​អាទិត្យ​មុន​។​

​សូម​រំលឹក​ថា​ក្នុងពេល​ចុះសួរសុខទុក្ខ​ពលទាហាន​នៅ​មូលដ្ឋាន​សមុទ្រ​មួយ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ស៊ី ជីន​ពីង បាន​ទទូច​ទៅ​ទាហាន​អោយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់គេ ដើម្បី​ក្លាយ​ជា​កងកម្លាំង​​សម្រាំង អាច​ប្រយុទ្ធ​គ្រប់​អាកាសធាតុ​និង​ឆ្លើយតប​រហ័ស​។​លោក​ក៏​បាន​ប្រាប់​ទៅ​ពលទាហាន​អោយ​ផ្តោត​លើ​ការត្រៀម​ធ្វើ​សង្គ្រាម​ហើយ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​កាលពី​ខែ​មុន ចិន​បាន​បញ្ចេញ​វីដេអូ​ឃោសនា​មួយ ដោយ​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​ដែល​អាច​ផ្ទុក​គ្រាប់បែកនុយគ្លេអ៊ែរ​ធ្វើ​ត្រាប់​ការវាយប្រហារ​ដូច​ពិតៗ​លើ​អ្វី​ដែល​ទំនង​ជា​មូលដ្ឋាន​ទ័ពអាកាស​Andersen​របស់​អាម៉េរិក​នៅ​កោះ​ហ្កាំ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​៕​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​វាសនា​ ​

អត្ថបទថ្មី
;