មនុស្ស​ល្បី៨​រូប​​ដែល​មាន​ពណ៌​សម្បុរ​ស្បែក​ខុស​គេ​បំផុត​លើ​ពិភពលោក

  • 2020-10-20 02:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ចំនួន​៨​រូប ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ ព្រោះ​តែ​​ពួក​គេ​មាន​ពណ៌​សម្បុរ​ស្បែក​មិន​ដូច​មនុស្ស​ទូទៅ​ឡើយ។ អ្នក​ទាំង​៨​​រូប​នេះ​មិន​មាន​ភាព​ខ្មាសអៀន​ឡើយ​ចំពោះ​ភាព​ដាច់​ដោយ​ឡែក​​របស់​ពួក​គេ ហើយ​ជា​ពិសេស​នោះ​គឺ​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម។

១. Connie Chiu

Connie កើត​មក​ជា​មនុស្ស​ផឿក ដែល​នេះ​ធ្វើ​ឲ្យ​នាង​មាន​សម្បុរ​ស​ប្លែក​ពី​គេ​ឯង​ខ្លាំង។ នាង​​ជា​ជនជាតិ​ចិន ហើយ​មាន​ដើម​កំណើត​នៅ​ហុងកុង។ គ្រួសារ​ Connie បាន​​ទៅ​រស់នៅ​ប្រទេស​ស្វីស តាំង​ពី​នាង​នៅ​តូច​មក​ម៉្លេះ។ នៅ​អាយុ​២៤​ឆ្នាំ នាង​បាន​ចាប់​អាជីព​ជា​តារា​ម៉ូឌែល។ យ៉ាង​​ណា​មិញ បច្ចុប្បន្ន​នាង​បាន​ប្ដូរ​អាជីព​មក​ធ្វើ​ជា​តារា​ចម្រៀង​​​វិញ ដោយ​​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​ធំៗ​ និង​បណ្ដា​ក្លឹប​នានា​។

២. Nikia Phoenix

លក្ខណៈ​ពិសេស​របស់ Nikia គឺ​ស្នាម​អុជ​ខ្មៅៗ​នៅ​ពាសពេញ​រាងកាយ និង​ផ្ទៃ​មុខ។ ព្រោះ​តែ​ភាព​ខុស​ប្លែក​គេ​នេះ​ហើយ​ទើប​មាន​ពេល​មួយ​នោះ​នាង​ត្រូវ​បាន​​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ល្បី Alternative Apparel ហៅ​​ទៅ​ធ្វើ​ការ​ដើរ​ម៉ូដ។ ចាប់​ពី​ពេល​នោះ​មក Nikia បាន​ក្លាយ​ជា​តារា​ម៉ូឌែល​ល្បី​មួយ​រូប​​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដូចជា Coca-Cola និង Target ជា​ដើម។

៣. Stephen Thompson

បុរស​សញ្ជាតិ​អាមេរិក​មួយ​រូប​នេះ​បាន​ក្លាយ​ជា​តារា​ម៉ូឌែល​ ក៏​ដោយសារ​តែ​រូបរាង​ផឿក​ប្លែក​ខុស​ពី​គេ។ Stephen មិន​ដែល​នឹក​ស្រមៃ​ចង់​ក្លាយ​ខ្លួន​ជា​តារា​ម៉ូឌែល​ឡើយ តែ​​​ចៃដន្យ​មាន​ថ្ងៃ​មួយ​លោក​ត្រូវ​បាន​អ្នក​ថត​រូប​ម្នាក់​​អញ្ជើញ​ឲ្យ​ថត​​រូប​ប៉ុន្មាន​សន្លឹក​ដាក់​លើ​ទស្សនាវដ្ដី ព្រោះ​មើល​ឃើញ​លោក​មាន​សម្បុរ​ប្លែក​ទាក់ទាញ។ តាំង​ពី​នោះ​មក Stephen ក៏​កសាង​ប្រជាប្រិយភាព​​យ៉ាង​ខ្លាំង និង​មាន​ការ​អញ្ជើញ​ថត​ជា​ច្រើន​ហូរហែ​ពី​បណ្ដា​ទស្សនាវដ្ដី​ល្បី​ៗ។

៤. Winnie Harlow

ក្រោយ​ឃើញ​​រូបរាង​ប្លែក​របស់ Winnie នៅ​លើ​បណ្ដាញ​សង្គម Instagram តារា​​​ម៉ូឌែល​ល្បី​ Tyra Banks ក៏​បាន​ទាក់ទង​ឲ្យ Winnie ទៅ​ចូល​រួម​កម្មវិធី​ប្រកួត America's Next Top Model នា​រដូវ​​កាល​ទី​២១។ ក្នុង​ការ​ប្រកួត​ប្រជែង​នេះ Winnie បាន​ទទួល​ចំណាត់​ថ្នាក់​​​ទី៥។ គ្រា​នោះ​ហើយ​គឺ​ជា​ការ​​ក្រាល​ផ្លូវ​​នៃ​អាជីព​​បង្ហាញ​ម៉ូដ​របស់ Winnie។

៥. Ava Clarke

ក្មេង​ស្រី​តូច​នេះ​គឺ​ជា​តារា​ម៉ូឌែល​ល្បី​ឲ្យ​ទស្សនាវដ្ដី​ធំៗ​ដូចជា Vogue, Denim និង VIP ជា​ដើម។ ភាព​ដាច់​ដោយ​ឡែក​របស់ Ava គឺ​សម្បុរ​ផឿក កែវ​ភ្នែក​ពណ៌​បៃតង​លាយ​ខៀវ និង​បបូរ​មាត់​ស៊ីជម្ពូ។

៦. Khoudia Diop

Khoudia Diop ជា​តារា​ល្បី​នៅ​លើ​​ Instagram និង​មាន​ការងារ​​ជា​តារា​ម៉ូឌែល។ ស្ត្រី​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ តែង​តែ​និយាយ​លើក​ទឹក​ចិត្ត​អ្នក​ដែល​មាន​លក្ខណៈ​ស្រដៀង​​នាង​ថា៖ "ប្រសិន​​អ្នក​សំណាង​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដទៃ ចូរ​កុំ​ផ្លាស់ប្ដូរ​វា"។

៧. Anastasia Zhidkova

ចាប់​តាំង​ពី​មាន​វត្តមាន​ Anastasia នៅ​ក្នុង​ពិភព​បង្ហាញ​ម៉ូដ​មក ការ​យល់​ឃើញ​​​ពី​ភាព​ស្រស់​ស្អាត​នៅ​ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល ហើយ​មិន​មាន​ភាព​ប្រកាន់​រើស​អើង​​ទៀត​ឡើយ។ ក្រៅ​ពី​អាជីព​ដើរ​ម៉ូដ Anastasia ក៏​ជា​​អ្នក​ចម្រៀង​ដ៏​មាន​ទេព​កោសល្យ​មួយ​រូប​ផង​ដែរ ដែល​ជា​រឿយៗ​នាង​តែង​ច្រៀង​បង្ហោះ​នៅ​លើ​យូធូប។

៨. Lola Chuil

Lola រស់​នៅ​អាមេរិក កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​នាង​អាច​និយាយ​បាន​ដល់ ៨​ភាសា។ លក្ខណៈ​ពិសេស​របស់​នាង​ទាក់​ទាញ​អ្នក​គាំទ្រ​នៅ​លើ Instagram បាន​ជិត​កន្លះ​លាន​នាក់​​ឯណោះ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;