ជំនន់ទឹកភ្លៀងនៅកម្ពុជាប៉ះពាល់ផ្លូវប្រវែងសរុប ៤០០គីឡូមែ៉ត្រ

  • 2020-10-20 06:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានភាពជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបណ្តាលឲ្យផ្លូវថ្នល់ចំនួន ១២៣ខ្សែ មានចំនួន ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន ៤០០ គីឡូម៉ែត្រ ក្នុងនោះផ្លូវដីក្រួសក្រហម ១៤០គីឡូម៉ែត្រ។ នេះបើ​តាម​ការ​ឲ្យ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៩ តុលា ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ផ្លូវ​ជាតិ​ដែល​ត្រូវបានទទួលរងនូវការលិចលង់ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។

សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ២៥នាក់ បានបាត់បង់អាយុជីវិត បង្កមហន្តរាយដល់ទ្រព្យសម្បត្តិ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀស​រកទីទួលសុវត្ថិភាព បញ្ហានេះបានបង្កជាក្តីបារម្ភថា៖ គ្រោះធម្មជាតិនេះនាំឲ្យមានការខូចខាតសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ ដែលមានស្រាប់ទៅហើយនោះ។

ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យនៅរង្វង់មូលយាយទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានស្ថានភាពទឹកជំនន់លិចខ្លាំង ដោយបានណែនាំឲ្យមន្ដ្រីជំនាញធ្វើការកាយប្រឡាយដើម្បីរំដោះទឹក សម្រួលចរាចរណ៍ ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើការពង្រីកប្រព័ន្ធលូបង្ហូរទឹកឱ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹក ទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលឋិតនៅខាងក្រោមផ្លូវ។

លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច ពិសេសផ្លូវជាតិលេខ៥ ចំពោះរថយន្តដឹកទំនិញធំៗ ពីប៉ោយប៉ែត សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៦ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការកុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងរងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;