មកស្គាល់​តំបន់​អាថ៌កំបាំង​​មួយ​នៅ​មហាសមុទ្រ​អាត្លង់ទិក ដែល​យន្តហោះ និង​នាវា​ជាច្រើន​បាត់ខ្លួន

  • 2020-10-22 05:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំបន់​មួយ​នៅមហាសមុទ្រ​អាត្លង់ទិក ដែល​ធ្វើឱ្យយន្តហោះ និង​នាវាជាច្រើន​គ្រឿងបាត់ខ្លួន ត្រូវបានដាក់ឈ្មោះថាជាតំបន់ «Bermuda Triangle»។ តំបន់​នេះ ត្រូវបាន​គេចាប់អារម្មណ៍ ចាប់តាំងពីការបាត់យន្តហោះ​កងទ័ពអាមេរិក ក្នុងឆ្នាំ១៩៤៥មក ដោយគ្មាន​បន្សល់ដាន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

តំបន់​ត្រីកោណនេះ ស្ថិតនៅ​ជាចន្លោះមុំ៣ នៃកោះ Bermuda (របស់អង់គ្លេស), ក្រុង​ Miami និង​កោះ Puerto Rico របស់​អាមេរិក ដែលមានផ្ទៃក្រឡាសរុប ១,៣លានគីឡូម៉ែត្រ​ការ៉េ។

ឈ្មោះ «Bermuda Triangle» ត្រូវបាន​ដាក់​ដោយអ្នកនិពន្ធម្នាក់ឈ្មោះ Vincent Gaddis ក្នុងឆ្នាំ១៩៦៤ សម្រាប់​ដាក់​អត្ថបទ​លើទស្សនាវដ្តី Argosy អំពីការបាត់​ខ្លួនរបស់​យន្តហោះកងទ័ពអាមេរិក នៅ​តំបន់នេះ​កាលពីឆ្នាំ​១៩៤៥។ ពេលនោះ យន្តហោះទ័ពជើងទឹកអាមេរិក ៥គ្រឿង ដែល​បាន​ហោះចេញពី​មូលដ្ឋាន​ក្នុងរដ្ឋ Florida ទៅតាមផ្លូវហោះពីលើតំបន់ «Bermuda Triangle» ក្នុងបេសកកម្ម​ហ្វឹកហាត់ ប៉ុន្តែ​ក្រោយមក​គេ​ក៏លែង​បាន​ឃើញយន្តហោះ​ទាំងនេះ ទៀតឡើយ។

លើសពីនេះ អាមេរិក ក៏ធ្លាប់​បាន​បញ្ជូន​យន្តហោះ ១គ្រឿងផ្សេងទៀតដែលដឹកមនុស្ស ១៣នាក់ ទៅស្វែងរកយន្តហោះខាងលើផងដែរ ប៉ុន្តែក៏សុទ្ធតែមិនបានវិលត្រឡប់មកវិញដូចគ្នា។ នេះបើយោងតាម​យោធា១រូប​នៃទ័ពជើងទឹក​អាមេរិក ឈ្មោះ Howard L. Rosenberg ដែលបាន​សរសេរ​អំពី «Bermuda Triangle» សម្រាប់អត្ថបទ​របស់​សារមន្ទីរ Naval History and Heritage Command។

ទោះជាយ៉ាងណា លោក Rosenberg លើកឡើង​ថា ពីឡុត​នៃយន្តហោះបាត់ខ្លួន​ ទំនង​ជាវង្វេង ហើយបន្ទាប់មកយន្តហោះអស់សាំង។

ក្រៅពីនេះ មានការ​អះអាងជាច្រើន​ថា ការបាត់ខ្លួនរបស់​យន្តហោះ​ខាងលើ អាច​បណ្តាល​មកពីសត្វចម្លែកសមុទ្រ​ខាំពាំ ឬចាប់ដោយ​មនុស្សក្រៅភពជាដើម ព្រោះ​ពេលមុនពេលបាត់ខ្លួននោះ​ គឺពុំមាន​ការរាយការណ៍​ពីបញ្ហាអាកាស​ធាតុ ឬបច្ចេកទេសអ្វី​នោះទេ។

បើតាម​កំណត់ត្រា​របស់​លោក Christopher Columbus (១៤៥១-១៥០៦) ដែល​ជាអ្នកធ្វើដំណើររុករកតាមសមុទ្រដ៏ល្បីបំផុត ឱ្យដឹងថា ពេល​លោក​ធ្វើដំណើរ​ឆ្លងកាត់​តំបន់នេះ នៅពេលយប់ លោក​បាន​ឃើញ​ដុំភ្លើងដ៏ធំមួយ (ប្រហែលជាអាចម៌ផ្កាយ) ធ្លាក់ចូល​ក្នុង​សមុទ្រ ហើយពីរបីសប្តាហ៍ក្រោយមក ​មានពន្លឺចម្លែកមួយ​បានលេចឡើង​ពីចម្ងាយ។ លោក​ក៏បាន​សរសេរ​ពីភាពមិនប្រក្រតី​របស់​ត្រីវិស័យ​នៅតំបន់នេះ​ផងដែរ៕

ប្រភព៖ National Geographic

អត្ថបទថ្មី
;