សមាគមមួយ ប្រឹងកៀរគរពីវិស័យឯកជន ថៃជួយពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់នៅកម្ពុជា
- 2020-10-22 06:24:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមមួយ ប្រឹងកៀរគរពីវិស័យឯកជន ថៃជួយពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់នៅកម្ពុជា
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ឯក Vichit Yathip បានជម្រាបជូនលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ពីកិច្ចប្រឹងប្រែងរបស់សមាគមមិត្តភាពថៃ-កម្ពុជា ក្នុងការកៀរគរថវិកាពីវិស័យឯកជនថៃ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីនាំយកអំណោយជាឱសថ និងថវិកា មកប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក Vichit Yathip បានបន្តថាការស្វែងរកអាហារូបករណ៍ជូននិស្សិតខ្មែរ ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន និងការសម្របសម្រួលនាំយកនិស្សិតអាហារូបករណ៍មួយចំនួន ដែលជាប់គាំងដោយសារស្ថានការណ៍ជំងឺកូវីត១៩ ត្រលប់មកបន្តការសិក្សានៅក្នុងប្រទេសថៃវិញ។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនងវប្បធម៌ ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ថៃ និងជានិច្ចជាកាលតែងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក។ លោកឯកអគ្គរាជទូតកម្ពុជា នឹងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕
ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ