ឃុំមួយនៅខេត្តកំពតនឹងក្លាយជាទីក្រុងបៃតង និងទីលានវាយកូនហ្គោលតម្លៃ៧៥លានដុល្លារនាឆ្នាំ២០២២ខាងមុខ

  • 2020-10-25 07:40:49
  • ចំនួនមតិ 3 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ


ឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពតនឹងក្លាយទៅជាទីក្រុងបៃតង និងជាទីលានវាយកូនហ្គោលដំបូងគេនៅខេត្តមាត់សមុទ្រមួយនេះនា២ឆ្នាំខាងមុខ។

ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងបៃតងនេះគ្រោងនឹងប្រែក្លាយតំបន់នេះឲ្យទៅជាទីក្រុងបៃតង មានទីលានវាយកូនហ្គោល ខុនដូ វីឡាដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាត ស្ងប់ស្ងាត់ និងជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ ពិសេសសម្រាប់មនុស្សដែលមានភាពធុញទ្រាន់ក្នុងការរស់នៅទីក្រុង។

ដំណាក់កាលទី១នៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីចុងឆ្នាំ ២០១៩ មានតម្លៃ២០លានដុល្លារហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចទៅហើយ។ សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល វីឡា និងខុនដូ ធ្វើនៅលើផ្ទៃដី ២៧.៣ ហិកតា មានតម្លៃ៥៥លានដុល្លារ ដែលរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន ៩ ឡូត៍ និង អគារខុនដូដែលមាន ៥ជាន់ ចំនូន៤ អគារ។

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នៅទឹកដីខេត្តកំពតនេះនឹងជួយលើកស្ទួយមុខមាត់ខេត្តនេះមួយកម្រិតថែមទៀត និងធ្វើឲ្យខេត្តទេសចរណ៍មួយនេះក្លាយជាខេត្តដែលមានការវិនិយោគខាងវិស័យអចលនទ្រព្យកាន់តែខ្លាំងក្លាជាងមុន ហើយក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ៗឲ្យមកលំហែកាយនៅប្រទេសកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍ផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថ្លែងថា គំនិតនៃការអភិវឌ្ឍគេហដ្ឋាន និងវីឡាសម្រាប់លំហែកាយ គឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា។ អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគលើផ្ទះលំហែកាយ តែងផ្តោតសំខាន់ទៅលើប្រភេទវីឡាដែលមានទីតាំងស្ថិតនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំ។ ខេត្តដែលទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍបែបនេះមាននៅខេត្តក្រុងព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និងខេត្តពោធិសាត់ និងខេត្តមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ផងដែរថានៅឆ្នាំ២០១៩ កន្លងទៅខេត្តកំពតទទួលបានចំនួនភ្ញៀវទេសចរមកលេងមានជាង ១,៦លាននាក់ ហើយក្នុងគម្រោងផែនការអភិវឌ្ឍទេសចរណ៍រយៈពេល៥ឆ្នាំ (២០១៩- ២០២៣) នៃរដ្ឋបាលខេត្តកំពត ថានឹងធ្វើឲ្យមានកំណើនទេសចរប្រមាណ ២,៥លាននាក់ នៅឆ្នាំ២០២៣ខាងមុខ៕

រូបថត៖ Forest Harmony

អត្ថបទ៖ លន ហ្សាឌីណា

;