ពេល​ទឹក​ជំនន់ គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​៥​ប្រភេទ​នេះ!

  • 2020-10-27 01:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​បាត់បង់​​ទ្រព្យ​សម្បត្តិ គ្រោះ​ទឹក​ជំនន់​ក៏​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ផង​ដែរ​ចំពោះ​មនុស្ស។ ទឹក​ភ្លៀង​ដែល​ហូរ​ចុះ​តាម​​តំបន់​ដី​ចោត នឹង​ពាំ​នាំ​មក​ជាមួយ​នូវ​សារធាតុ​ដី​កខ្វក់ និង​ជាតិ​ពុល​ទៅ​កាន់​តំបន់​លិច​ទឹក។ បែប​នេះ​ហើយ​ទើប​​​ប្រជាជន​ដែល​រស់នៅ​តំបន់​លិច​ទឹក អាច​​​ប្រឈម​បញ្ហា​សុខភាព​ច្រើន ជា​ពិសេស​​​គឺ​ជំងឺ​៥​ប្រភេទ​​ដូច​ខាង​ក្រោម​៖

រូប​តំណាង
**១. ជំងឺ​គ្រុន​ពោះវៀន**

គ្រុន​ពោះវៀន​បង្ក​ឡើង​ដោយ​បាក់តេរី​ម៉្យាង​ឈ្មោះ Salmonella Typhi ដែល​មាន​វត្តមាន​នៅ​ក្នុង​ទឹក​កខ្វក់ និង​ចំណី​អាហារ។ រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ពោះវៀន​មាន​ដូចជា ឈឺ​ក្បាល បាត់បង់​ចំណង់​អាហារ ក្ដៅ​ខ្លួន​ខ្លាំង និង​រាគរូស។

២. អាសន្នរោគ

Vibrio Cholera គឺ​ជា​ប្រភេទ​បាក់តេរី ដែល​បណ្ដាល​ឲ្យ​មនុស្ស​កើត​មាន​ជំងឺ​អាសន្នរោគ។ បាក់តេរី​​នេះ​ឆ្លង​តាម​រយៈ​ទឹក​ផឹក ​ចំណី​អាហារ និង​សត្វ​រុយ។ រោគ​សញ្ញា​ទូទៅ​នៃ​អាសន្នរោគ​គឺ​​ឈឺ​ចុក​ត្រគាក និង​ក្អួត​ចង្អោរ។

៣. ជំងឺ Leptospirosis

ជំងឺ​នេះ​កើត​ចេញ​ពី​បាក់តេរី​ឈ្មោះ Leptospira ដែល​ឆ្លង​​មក​ពី​​ទឺក​នោម​សត្វ​​ដូចជា កណ្ដុរ គោ និង​ក្របី ជា​ដើម។ ការ​ចម្លង​ជំងឺ​អាច​កើត​ឡើង​បាន បើ​កាល​ណា​​មនុស្ស​ឧស្សហ៍​ត្រាំ​ទឹក​​កខ្វក់​ក្នុង​រយៈពេល​យូរ និង​​ដើរ​កាត់​ទឹក ហើយ​នៅ​ត្រង់​​​​ស្បែក​មាន​​ស្នាម​រលាត់ ឬ​ដំបៅ។ រោគ​សញ្ញា​​​នៃ​ជំងឺ​មាន​ដូចជា ឈឺ​ក្បាល គ្រុន​ក្ដៅ ឈឺ​សាច់​ដុំ ភ្នែក​ក្រហម និង​ភ្នែក​រកាំ​ហូរ​ទឹក​ភ្នែក។ ក្នុង​ករណី​ព្យាបាល​មិន​ទាន់​ពេល អ្នក​ជំងឺ​អាច​សន្លប់​បាត់​បង់​ស្មារតី​បាន។

៤. ជំងឺ​ថ្លើម​ប្រភេទ A

ជំងឺ​រលាក​ថ្លើម​ប្រភេទ A នេះ​បង្ក​ឡើង​ដោយ​ការ​បរិភោគ​អាហារ​មិន​ចម្អិន និង​គ្មាន​អនាម័យ។ គ្រុន​ក្ដៅ​កម្រិត​ស្រាល អាការៈ​មិន​សូវ​ឃ្លាន​អាហារ ឈឺ​សាច់​ដុំ និង​ភ្នែក​ឡើង​លឿង គឺ​ជា​រោគ​សញ្ញា​ចម្បង​​នៃ​ជំងឺ​ថ្លើម​ប្រភេទ A។

៥. គ្រុន​ឈាម

ពេល​កើត​មាន​ទឹក​ជំនន់ នោះ​ហើយ​​គឺ​ជា​វេលា​ល្អ​​បំផុត​សម្រាប់​មូស ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​ដ៏​កាច​សាហាវ ជា​ពិសេស​គឺ​ជំងឺ​គ្រុនឈាម។ ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​តាម​រយៈ​មូស​ខ្លា​។ រោគ​សញ្ញា​នៃ​ជំងឺ​មាន​ដូចជា បាត់​បង់​ចំណង់​អាហារ ក្អួត ឈឺ​សាច់​ដុំ ស្បែក​ឡើង​ក្រហម និង​មាន​កន្ទួល​ក្រហមៗ​លើ​ស្បែក៕

រូប​តំណាង

ប្រភព៖ India ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;