រដ្ឋមន្ត្រីការងារអាស៊ាន អនុម័តលើឯកសារសំខាន់ៗ ចំនួន៩
- 2020-10-28 07:29:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីការងារអាស៊ាន អនុម័តលើឯកសារសំខាន់ៗ ចំនួន៩
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីការងារអាស៊ានទាំង ១០ប្រទេសបានបើកកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាជាប្រធានប្តូវេនអាស៊ាន។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩ រួមមាន៖
១. កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២១-២០២៥
២. ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥
៣. ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន+៣ ឆ្នាំ២០២១-២០២៥
៤. ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥
៥. បច្ចុប្បន្នភាពផែនការសកម្មភាព (២០១៨-២០២៥) នៃឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍
៦. ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារត្រឹមឆ្នាំ២០២៥
៧. គោលការណ៍ណែនាំអាស៊ានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយការងារ និងមុខរបរ ដើម្បីឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា
៨. គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់ពលករទេសន្តរប្រវេសក៍
៩. គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងរដ្ឋសមាជិកអាស៊ាន
សូមបញ្ជាក់ថា លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ានក្នុងការការពារ និងលើកកម្ពស់សុខមាលភាព និងផលប្រយោជន៍កម្មករនិយោជិតអាស៊ាន ជាពិសេសពលករទេសន្តរប្រវេសក៍អាស៊ាន ដើម្បីសម្រេចបានគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងប្រកបដោយជវភាព៕
ប្រភព៖ ក្រសួងការងារ