ហុងគ្រី បើកការិយាល័យតំណាងស្ថានទូតនៅភ្នំពេញ

  • 2020-11-03 05:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសហុងគ្រី សម្រេចបើកការិយាល័យតំណាងស្ថានទូតប្រចាំនៅរាជធានីភ្នំពេញក្រោមការចូលរួមបើកសម្ពោធពីសំណាក់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់សុខុន និងរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក ភីធ័រ ហ្សីជីតូ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅសណ្ឋាគារកាំបូឌីយ៉ាណា។

រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់សុខុន និងរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក ភីធ័រ ហ្សីជីតូ កាត់ខ្សែបូសម្ពោធការិយាល័យតំណាងស្ថានទូតហុងគ្រីប្រចាំនៅរាជធានីភ្នំពេញ
ការសម្រេចបើកការិយាល័យតំណាងស្ថានទូតហុងគ្រីប្រចាំនៅរាជធានីភ្នំពេញនេះគឺធ្វើក្រោយការសន្យាររបស់ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុងគ្រីមកទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាលពីចុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងថា «ការបើកការិយាល័យតំណាងស្ថានទូតប្រចាំនៅកម្ពុជានេះ ​វាឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាង​ប្រទេស និងប្រជាជនយើងទាំងពីរ។ យើងបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្តីពីបញ្ហាដែលជាប្រយោជន៍រួម ព្រមទាំងបានពិភាក្សាបន្ថែមអំពីវិធានការ និងមធ្យោបាយ ដើម្បីពង្រីកបន្ថែមដល់កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ស្អិតរមួត សម្បូរបែប និងឈានទៅរកភាពជាដៃគូរអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីជាផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ»

ប្រមុខការបរទេសកម្ពុជាអះអាងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងធ្វើការយ៉ាងជិតស្និតជាមួយការិយាល័យតំណាងស្ថានទូតហុងគ្រីនៅភ្នំពេញ ព្រមទាំងបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការិយាល័យតំណាងអាចបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា។

សូមបញ្ជាក់ថា ការិយាល័យតំណាងស្ថានទូតហុងគ្រីប្រចាំនៅរាជធានីភ្នំពេញ នេះមានទីតាំងនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណាស្ថិតនៅជាប់មាត់ទន្លេក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;