ចំណងស្នេហ៍ Myolie Wu និងស្វាមី ផ្ដើមចេញពីរូបថតដ៏សិចស៊ី១សន្លឹកនេះ!
- 2020-11-04 07:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណងស្នេហ៍ Myolie Wu និងស្វាមី ផ្ដើមចេញពីរូបថតដ៏សិចស៊ី១សន្លឹកនេះ!
ចន្លោះមិនឃើញ
Myolie Wu គឺជាតារាសម្ដែងស្រីជួរមុខ ដែលមានភាពលេចធ្លោខ្លាំងនៅលើទឹកដីហុងកុង។ ស្រីស្អាត Myolie បានសម្រេចចិត្តចូលរោងការកាលពីឆ្នាំ២០១៥កន្លងទៅ ដោយកូនកំលោះគឺជាសហគ្រិនម្នាក់ឈ្មោះ Philip Lee។ ដោយសារអ្នកគាំទ្រចង់ដឹងពីដំណើរដើមទងនៃចំណងស្នេហ៍របស់ខ្លួន Myolie Wu ក៏បានធ្វើការរៀបរាប់ចម្លើយនៅលើកម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍ iHKTV។
Myolie Wu បានប្រាប់ថា ការផ្ដើមស្នេហ៍រវាងនាងនិងស្វាមីកើតចេញពីរូបថតសិចស៊ីមួយសន្លឹក។ កាលនោះ Myolie បានធ្វើដំណើរកម្សាន្តតាមនាវាជាមួយមិត្តរួមអាជីព និងមិត្តល្អរបស់នាងគឺ Nancy Wu និង Paisley Wu។ នៅទីនោះ នាងបានថតរូបស្លៀកឈុតប៊ីគីនីជាច្រើនសន្លឹក ហើយបង្ហោះវាចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយមក មិត្តភក្តិរបស់ Philip Lee ក៏បានស៊ែររូបមួយសន្លឹកក្នុងចំណោមរូបទាំងអស់។ Philip Lee ក្រោយពីបានឃើញរូបមួយសន្លឹកនោះរួច ក៏បាក់ចិត្តស្រឡាញ់ភ្លាមៗ ហើយគិតថា Myolie មានភាពសិចស៊ីខ្លាំងគួរឲ្យទាក់ភ្នែក។ មិត្តរបស់ Philip ក៏ធ្វើការផ្គូរផ្គង់អ្នកទាំង២ឲ្យជួបគ្នា ប៉ុន្តែត្រូវ Myolie បដិសេធ។ យ៉ាងណាមិញ អាចថាជានិស្ស័យ លុះរយៈពេល៣ខែក្រោយ Myolie និង Philip ក៏បានជួបគ្នាដោយចៃដន្យនៅក្នុងកម្មវិធីខួបកំណើតមួយ។
Myolie បានបន្តថា គ្រាន់តែឃើញ Philip ភ្លាម នាងក៏លង់ស្រឡាញ់ភ្លាមៗវិញផងដែរ។ ចាប់តាំងពីនោះមក អ្នកទាំង២ក៏ចាប់ផ្ដើមណាត់ជួបគ្នា រហូតដល់បង្កើតជាចំណងស្នេហ៍ចូលរោងជ័យកាលពីខែធ្នូ ឆ្នាំ២០១៥។ បច្ចុប្បន្ន Myolie មានកូនប្រុសចំនួន២នាក់ឈ្មោះ Brendan Lee និង Ryan Lee៕