កម្ពុជានឹងប្រមូលពន្ធពីក្រុមហ៊ុនយក្ស FB, Amazon, Alibaba, Google, Netflix...ដែលមិនទាន់ចុះបញ្ជី

  • 2020-11-06 09:00:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គនាយកដ្ឋានពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅបានបើកកិច្ចប្រជុំពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ នេះបើតាមយោងតាមការប្រកាសរបស់គណនីហ្វេសបុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

App Netflix, Amazon, Alibaba, Facebook និង Google ក្រុមហ៊ុនយក្សនៅលើទូរសព្ទដៃដែលប្រើប្រាស់នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វា៉ន់ដេត បានថ្លែងក្នុងកិច្ចប្រជុំនោះថា កម្ពុជា និងពិភពលោក គឺប្រឹងប្រែង និងពឹងផ្អែកខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយដល់ការបង្កើនប្រសិទ្ធភាពការងារគ្រប់ប្រភេទ និងផ្តោតការយកចិត្តទុក ដាក់លើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានពីការគំរាមកំហែង ដើម្បីធានាលំហអិនធឺណិតមានសុវត្ថិភាព និងសន្តិសុខ ព្រមទាំងផ្តល់ការគាំទ្រផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងស្ថាប័នរដ្ឋទាំងពីរថតរូបក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែវិច្ឆិកា ២០២០

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រគំនិតផ្តួចផ្តើមដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងរៀបចំឱ្យមានបណ្តុំទិន្នន័យ (Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

អ្នកប្រើប្រាស់ទូរសព្ទ​ និងបណ្តាញសង្គមនៅកម្ពុជា

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ស្ថាប័នរដ្ឋទាំង២សន្យាថានឹងបន្តសហការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍ព្រមទាំងបង្កើនកិច្ចសហការចែករំលែកទិន្នន័យគ្នាទៅវិញទៅមក ផ្តល់ទិន្នន័យចំណូលដុលរបស់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) ព្រមទាំងគាំទ្រផ្នែកបច្ចេកទេសដើម្បីពង្រឹងការអនុវត្តច្បាប់ពន្ធដារដោយ ប្រើច្រកទ្វាអីុនធឺណិតជាតិ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់កត់ត្រាប្រតិបត្តិការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗទាំងអស់នៅកម្ពុជា៕

អត្ថបទ៖ លន ហ្សាឌីណា

;