ការដេញថ្លៃស្នាដៃសិល្ប:របស់ស្នាដៃសិល្បករខ្មែរ និងអន្តរជាតិនៅកម្ពុជា

  • 2020-11-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈសហសម័យរបស់ស្នាដៃសិល្បករខ្មែរ និងសិល្បករមកពីអាស៊ីអាគ្នេយ៍ល្បីៗឈ្មោះចំនួនជាង ៤០ ស្នាដៃ ដែលនឹងប្រព្រឹត្តទៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ Factory Phnom Penh ខាងមុននេះ។

ស្នាដៃសិល្ប:របស់សិល្បករ ពេជ្រ សុភាព
នេះអាចថាជាកម្មវិធីដាក់ដេញថ្លៃស្នាដៃសិល្ប:សហសម័យធំជាងគេនៅកម្ពុជាដែលមានសិល្បករខ្មែរ និងបរទេសចូលរួម ៤៦នាក់ ក្នុងនោះមានសិល្បករខ្មែរ១៧នាក់រួមមានសិល្បករ ពេជ្រ សុភាព, លាង ស៊ីកន, ចូវ ធានលី, ចាន់ ដានី, ខ្វៃ សំណាង, សុវណ្ណ ភីឡុង, លីម សុខចាន់លីណា, នាក់ សុផល, គឹម ហាក់, វុធ លីណូ, ថាំង សុធា, គី ម៉ារីន, ផា លីណា, ប៉ែន រ៉ូប៊ីត, ប៉ែន សិរីបញ្ញា, ថន សុខ, ទិត្យ កន្និដ្ឋា។
ស្នាដៃសិល្ប:របស់សិល្បករ លាង ស៊ីកន

កម្មវិធីពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈសហសម័យនេះ ត្រូវបានចូលរួមគាំទ្រដោយសប្បុរសពីសំណាក់សិល្បករ និងវិចិត្រសាលទាំងនៅកម្ពុជា និងក្រៅប្រទេស។ ស្នាដៃដោយសិល្បករខ្មែរ និងសិល្បករមកពីអាស៊ីអាគ្នេយ៍ល្បីៗឈ្មោះចំនួនជាង ៤០ ស្នាដៃ នឹងមានសម្រាប់ការដាក់ដេញថ្លៃតាមអនឡាញ ក្នុងនោះមានស្នាដៃរបស់សិល្បករខ្មែរសំខាន់ៗដូចជា ពេជ្រ សុភាព, លាង ស៊ីកន, ខ្វៃ សំណាង, ទិត្យ កន្និដ្ឋា, នាក់ សុផល, ថន សុខ និងសិល្បករអាស៊ីល្បីៗដូចជា ភីណារី សានពិតាក់ (ថៃ), មីត ចៃអីន (ថៃ), អ៊ូដាម ចាន់ងូយិន (វៀតណាម), ង៉ា ឡេ (មីយ៉ាន់ម៉ា), ក្រុមបាគូដាប៉ាន់ (ឥណ្ឌូនេស៊ី) និង ហ៊្សូ ចាវៃ (តែវ៉ាន់) ។ យើងនឹងចែកជូនកូនសៀវភៅកាតាឡុកនៃស្នាដៃសម្រាប់ដេញថ្លៃទាំងនេះ នៅមុនពេលថ្ងៃបើក។ លើសពីនេះ ក៏មានស្នាដៃដោយសិល្បករនៅកម្ពុជាចំនួនជាង ៣០ ស្នាដៃទៀត ដែលអាចជាវបានដោយផ្ទាល់នៅកន្លែងតាំងពិព័រណ៍ផងដែរ។

ក្រៅពីស្នាដៃរបស់សិល្បករខាងលើដែលដាក់ស្នាដៃរបស់ខ្លួនដេញថ្លៃតាមអនឡាននេះ ក៏នៅមានសិល្បករខ្មែរជិត៤០នាក់ផ្សេងទៀតចូលរួមក្នុងកម្មវិធីពិព័រណ៍ដើម្បីបង្ហាញ និងលក់ស្នាដៃខ្លួនផងដែរ។

ស្នាដៃសិល្ប:របស់សិល្បករ ទិត្យ កន្និដ្ឋា

លោក វុធ លីណូ អ្នកគ្រប់គ្រងគម្រោងសិល្ប: ស-ស និងជាអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា កម្មវិធីដាក់ដេញថ្លៃស្នាដៃសិល្ប:សហសម័យ និងពិព័រណ៍នេះគឺយើងដេញថ្លៃអនឡានគឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ ថវិកាដែលប្រមូលបាន នឹងយកទៅផ្គត់ផ្គង់គម្រោងសិល្បៈស-ស និងសិល្បករដែលចូលរួម។ ការដេញថ្លៃ និងការជាវស្នាដៃសិល្បៈទាំងនេះនឹងជួយឲ្យគម្រោងសិល្បៈស-ស អាចបន្តកម្មវិធីរបស់យើងនៅឆ្នាំ ២០២១ ក្នុងនោះមានកម្មវិធីសិក្សាអប់រំ សិល្បៈ កម្មវិធីពិព័រណ៍ និងកម្មវិធីសាធារណៈ ដែលជាប្រយោជន៍ដល់ការរីកចម្រើននៃសហគមន៍សិល្បៈសហសម័យនៅកម្ពុជា។

ស្នាដៃសិល្ប:របស់សិល្បករ ខ្វៃ សំណាង

គម្រោងសិល្បៈស-ស គឺជាគម្រោងមិនមែនដើម្បីប្រាក់ចំណេញ ដំណើរការដោយក្រុមសិល្បករខ្មែរ និងផ្តោតលើការងារដកពិសោធន៍ ក្នុងវិស័យសិល្បៈសហសម័យ ។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ ២០១០ ដោយសិល្បករមួយក្រុមឈ្មោះថា ស្ទាវសិល្បៈ ។ បន្ទាប់ពីបានចំណាយរយៈពេលអស់ ៧ ឆ្នាំ ធ្វើការពីអគារស្នាក់នៅជាប្រវត្តិសាស្ត្រហៅថា បូឌីញស មក យើងបានផ្លាស់មកនៅទីតាំងថ្មីនៅឆ្នាំ ២០១៧ ។ នៅទីតាំងថ្មី គម្រោងសិល្បៈស-ស បានបង្វែរមកពង្រឹងការងារជាមួយសិល្បករក្មេងៗ និងនិស្សិតទើបបញ្ចប់ការសិក្សា ខណៈបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសិល្បករនៅអាស៊ី តាមរយៈកម្មវិធីសិក្សាអប់រំសិល្បៈ កម្មវិធីពិព័រណ៍ កម្មវិធីសាធារណៈ កម្មវិធីនិវាសដ្ឋានសិល្បៈពិសោធន៍ និងកម្មវិធីសហការពិសេសផ្សេងៗ៕

ស្នាដៃសិល្ប:របស់សិល្បករ នាក់ សុផល

រូបថត៖ ផ្តល់ដោយ គម្រោងសិល្បៈស-ស

អត្ថបទ៖ លន ហ្សាឌីណា

;