ចិត្ត​ធ្ងន់! ប្ដីប្រពន្ធ​តារា​ហុងកុង​១០​គូ សុខចិត្ត​ខាំ​មាត់​ខន្តី​អំពើ​ផិតក្បត់​របស់​ដៃគូ

  • 2020-11-11 01:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​រឿង​មនោសញ្ចេតនា​តារា អំពើ​ផិត​ក្បត់​មិន​មែន​ជា​​ព័ត៌មាន​ប្លែក​ធំដុំ​អ្វី​ឡើយ។ ក្រោយ​មាន​ភាគី​ទី​៣​មក​ជ្រែក គូ​ស្នេហ៍​តារា​ខ្លះ​​ក៏​​សម្រេច​​ចិត្ត​ចែក​ផ្លូវ​ពី​គ្នា ហើយ​ខ្លះ​ទៀត​ក៏​មាន​ចិត្ត​ធ្ងន់​គួរ​ឲ្យ​សរសើរ​ដែល​ហ៊ាន​ផ្ដល់​ឱកាស​​ឲ្យ​ដៃ​គូ​ជា​លើក​ទី​២​។ ខាង​ក្រោម​នេះ​គឺ​ជា​គូ​ស្នេហ៍​តារា​ហុងកុង​ចំនួន ១០​គូ ដែល​ធ្លាប់​មាន​ប្រវត្តិ​ខូច​ចិត្ត​ ត្បិត​អី​ដៃគូ​លួចលាក់​មាន​ថ្មី៖

១. Kathy Chow និង Julien Lepeu

រៀបការ​បាន​៧​ឆ្នាំ តារា​សម្ដែង​ Kathy Chow និង​ស្វាមី​​ជា​អ្នក​ជំនួញ​សញ្ជាតិ​បារាំង​ឈ្មោះ Julien Lepeu រមែង​បង្ហោះ​រូប​​បង្ហាញ​ពី​សេចក្ដី​សុខ​ក្នុង​​ក្រុម​គ្រួសារ​យ៉ាង​កក់ក្ដៅ។ យ៉ាង​ណា​មិញ កាល​ពី​ដើម​ឆ្នាំ​២០២០ ស្រាប់តែ​ធ្លាយ​ចេញ​នូវ​រូបថត​លោក Julien កំពុង​ឱប​ថើប​យ៉ាង​ស្និទ្ធស្នាល​​ជាមួយ​ស្រី​ម្នាក់​ផ្សេង​ទៀត​​ទៅ​វិញ។ ក្រោយ​​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​មិន​បាន​ប៉ុន្មាន Kathy ក៏​បាន​ប្រកាស​ជា​សាធារណៈ​នៅ​លើ​ហ្វេសប៊ុក​ថា​ រឿង​ផិតក្បត់​នេះ​ជា​ការ​ពិត ប៉ុន្តែ​នាង​សុខចិត្ត​លើក​លែង​ទោស​ឲ្យ​ស្វាមី​ម្ដង។

២. Sammi Cheng និង Andy Hui

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩​កន្លង​ទៅ តារា​សម្ដែង​ប្រុស Andy Hui ត្រូវ​គេ​ចាប់​បាន​ថា កំពុង​មាន​ស្នេហ៍​លួចលាក់​ជាមួយ​តារា​ស្រី​ឈ្មោះ Jacqueline Wong ហើយ​បាន​ថើប​គ្នា​យ៉ាង​ស្និទ្ធស្នាល​នៅ​លើ​តាក់ស៊ី​មួយ​គ្រឿង។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​បារម្ភ​ជា​ខ្លាំង​ចំពោះ​​តារា​ស្រី Sammi Cheng ដែល​ជា​ភរិយា ព្រោះ​ខ្លាច​រឿង​នេះ​ប៉ះពាល់​ដល់​ផ្នែក​ស្មារតី​នាង។ យ៉ាង​ណា​មិញ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ត្រឹម​៣​ថ្ងៃ​បន្ទាប់​ក្រោយ​ដឹង​រឿង​ផិតក្បត់​របស់​ស្វាមី Sammi Cheng ក៏​ប្រកាស​សម្រេច​លើក​លែង​ទោស​ឲ្យ​ Andy Hui។ Sammi Cheng ប្រាប់​ថា នាង​ជឿ​លើ​​គ្រិស្ត​សាសនា ហើយ​និង​ព្រះ​គម្ពីរ ដែល​ថា "ស្នេហា​គឺ​ជា​ការ​ដែល​មិន​បោះបង់​ចោល មិន​ដែល​បាត់បង់​នូវ​ជំនឿ​ទុក​ចិត្ត ហើយ​គឺ​ត្រូវ​តែ​មាន​សង្ឃឹម​ជា​និច្ច និង​ពុះពារ​​គ្រប់​កាលៈទេសៈ​ទាំង​អស់"។

៣. Kenix Kwok និង Frankie Lam

បច្ចុប្បន្ន ក្រុម​អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា ចំណង​ស្នេហ៍​រវាង Kenix Kwok និង Frankie Lam កំពុង​មាន​ភាព​​ល្អូកល្អើន​ណាស់ នេះ​បើ​​យើង​មិន​រំលឹក​ដល់​រឿង​ផិតក្បត់​មួយ​កាល​ពី​ឆ្នាំ​២០០៩​របស់​លោក Frankie Lam។ កាល​នោះ តារា​សម្ដែង​ Frankie បាន​លួច​លាក់​ស្នេហ៍​ជាមួយ​តារា​សម្ដែង​ស្រី​​​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ Vicki Dong។ ក្នុង​នាម​ជា​ប្រពន្ធ Kenix Kwok មិន​បាន​យក​ទោសពៃរ៍​ស្វាមី​ឡើយ។

៤. Vivian Chow និង Joe Nieh

ក្នុង​រឿង​ស្នេហា​តារា​១​គូ​នេះ ភាគី​ខាង​​ប្រុស​គឺ​លោក Joe Nieh រមែង​លួច​លាក់​ស្នេហ៍​ខាង​ក្រៅ​ជាមួយ​ស្រី​ផ្សេង​ជា​រឿយៗ។ យ៉ាង​ណា​មិញ តារា​ស្រី Vivian Chow នៅ​តែ​​ស្រឡាញ់​ស្វាមី​ជា​ខ្លាំង ហើយ​ថែម​ទាំង​និយាយ​ថា ស្វាមី​​គឺ​​សំខាន់​ជាង​ខ្លួន​នាង​ទៅ​ទៀត ហើយ​រាល់​ការ​សម្រេច​ចិត្ត​​ទាំង​អស់​គឺ​នាង​ទុក​អាទិភាព​ឲ្យ​ស្វាមី​ទាំង​អស់។

៥. Wong Wai Po និង Michael Tao

តារា​សម្ដែង​ហុងកុង​​ទាំង​២​នេះ​ផ្ដើម​ស្នេហ៍​ជាមួយ​គ្នា​១០​ឆ្នាំ​មក​ហើយ មុន​សម្រេច​ចិត្ត​ចូល​រោងការ​នា​ឆ្នាំ​២០០០។ ពេល​មាន​ស្រី​ថ្មី Michael Tao ក៏​សម្រេច​ចិត្ត​លែង​ប្រពន្ធ​ចោល កាល​ពី​ឆ្នាំ​២០០៧។ ប៉ុន្តែ​ក្រោយ​មក​លោក​ក៏​ត្រូវ​រ៉ូវ​ជាមួយ​ភរិយា​វិញ តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ម្ដង​ទៀត​ឡើយ។

៦. Lisa Jiang និង​ Benny Chan

នៅ​ក្នុង​ឆ្នាំ​២០១១ លោក Benny Chan ត្រូវ​គេ​ចាប់​បាន​ថា​កំពុង​លួច​ថើប​គ្នា និង​បង្កាត់​ភ្លើង​ស្នេហ៍​ក្រៅ​ផ្លូវការ​ជាមួយ​តារា​ស្រី​ម្នាក់​ឈ្មោះ Rose Chan។ ក្រោយ​បែកធ្លាយ​នូវ​ព័ត៌មាន​អាស្រូវ​នេះ Benny បាន​បើក​សន្និសីទកាសែត​សុំទោស​ប្រពន្ធ​ជា​សាធារណៈ ដែល​កាល​នោះ​នាង​កំពុង​តែ​ពរពោះ​កូន​ក្នុង​ផ្ទៃ។

៧. Karen Cheung និង​ Joe Ma

ស្គាល់​គ្នា​តាំង​ពី​អាយុ​ត្រឹម​១២​ឆ្នាំ​មក​ម៉្លេះ គូ​ស្នេហ៍​តារា​​​សម្ដែង Karen Cheung និង Joe Ma ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​អស់​រយៈពេល​២៧​ឆ្នាំ​មក​ហើយ។ រំលឹក​រឿង​អាស្រូវ​មួយ​កាល​ពី​ឆ្នាំ​២០០៦ គឺ​លោក Joe Ma បាន​លួច​លាក់​ប្រពន្ធ​នាំ​​នារី​ម្នាក់​ទៅ​ដើរ​លេង​ឯ​ប្រទេស​ថៃ។ កាល​នោះ Karen ខឹង​ជា​ខ្លាំង ហើយ​ក៏​មាន​បំណង​លែងលះ ប៉ុន្តែ​ចិត្ត​ស្នេហ៍​មិន​ដាច់​ក៏​បន្ត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។

៨. Yoyo Chen និង Vincent Wong

តារា​សម្ដែង​ហុងកុង​ Vicent Wong ធ្លាប់​កើត​មាន​ព័ត៌មាន​អាស្រូវ​លួច​លាក់​ជាមួយ​តារា​​ម៉ូឌែល​ស្រី​ម្នាក់​ឈ្មោះ Cammi Tse។ ទោះ​ជា​យ៉ាង​នេះ​ក្ដី Yoyo Chen ជា​ភរិយា​នៅតែ​មិន​ប្រកាន់​ទោសពៃរ៍​ស្វាមី ហើយ​ជឿជាក់​​ថា​វា​ជា​ព័ត៌មាន​មិន​ពិត​នោះ​ឡើយ។

៩. Christine Ng និង Kasey Lin

មុន​រៀបការ តារា​ស្រី Christine Ng បាន​លួច​លាក់​មិត្ត​ប្រុស Kasey Lin (ដែល​ត្រូវ​ជា​ប្ដី​បច្ចុប្បន្ន) ទៅ​គេង​ជាមួយ​បុរស​ម្នាក់។ លុះ​ក្រោយ​រៀបការ​រួច ប្ដី​របស់ Christine Ng គឺ​លោក Kasey ក៏​លួច​មាន​ស្រី​ក្រៅ​ម្នាក់ នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ។ ព្រោះ​ធ្លាប់​មាន​កំហុស​ម្ដង​ម្នាក់​ដូច​គ្នា​​ទើប Christine ប្រហែល​ជា​មិន​បន្ទោស​ស្វាមី​អំពី​​អំពើ​ផិតក្បត់​នេះ​ឡើយ។

១០. Angelica Lee និង Oxide Pang

ស្វាមី​របស់​តារា​ស្រី Angelica Lee ដែល​ជា​អ្នក​ដឹក​នាំ​រឿង បាន​លួច​ផិត​ក្បត់​ទៅ​មាន​ស្នេហ៍​ជាមួយ​តារា​​ម៉ូឌែល​ម្នាក់​ឈ្មោះ Liddy Li កាល​ពី​ឆ្នាំ​២០១៤។ ដោយសារ​តែ​​ជំនឿ​លើ​​ព្រះ​ពុទ្ធសាសនា Angelina បាន​និយាយ​ថា ស្វាមី​របស់​នាង​គួរ​តែ​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ជា​លើក​ទី​២៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;