ពលរដ្ឋកូរ៉េនាំគ្នារិះគន់សេវា 5G មានខ្លះប្ដូរទៅប្រើ 4G វិញទៀត
- 2020-11-11 06:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋកូរ៉េនាំគ្នារិះគន់សេវា 5G មានខ្លះប្ដូរទៅប្រើ 4G វិញទៀត
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៩ ប្រទេសកូរ៉េខាងត្បូងបាននាំមុខសហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេដែលដាក់ពង្រាយសេវាកម្ម 5G ឲ្យប្រើប្រាស់ជាផ្លូវការ។
១៨ខែក្រោយមក មានពលរដ្ឋកូរ៉េខាងត្បូងជាច្រើនបានរំសាយចោលសេវាកម្ម 5G និងបានត្រឡប់ទៅប្រើសេវា 4G ជំនួសវិញ។ ការប្រកាសរបស់សមាជិកគណៈកម្មការជាតិនៃវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យាកូរ៉េបានឲ្យដឹងថាមានពលរដ្ឋចំនួន ៥៦២ ៦៥៦នាក់ បានប្ដូរពី 5G ទៅប្រើ LTE ដែលស្មើនឹង ៦% នៃចំនួនអ្នកចុះឈ្មោះបង់លុយប្រើសេវា 5G នៅកូរ៉េខាងត្បូង។
អ្នកប្រើ 5G ម្នាក់បានប្រាប់សារព័ត៌មាន Nikkei ថាថ្មទូរសព្ទរបស់គេស្រកចុះលឿន ហើយអាយុកាលនៃថ្មធ្លាក់ចុះខ្លាំងនៅពេលប្រើប្រាស់ 5G។ អ្នកប្រើផ្សេងទៀតនិយាយថាល្បឿន 5G មិនលឿនដូចការរំពឹងទុក ស្របពេលដែលល្បឿន 4G អាចបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ពួកគេបាន។
គួរដឹងថាកាលពីដំបូងៗឡើងរដ្ឋាភិបាលកូរ៉េ និងក្រុមហ៊ុនសេវាទូរសព្ទបានអះអាងថា 5G អាចមានល្បឿនលឿនជាង 4G រហូតដល់ ២០ដង។ ប៉ុន្តែបើតាមការស្ទង់មតិជាក់ស្ដែងពីក្រសួងវិទ្យាសាស្ត្រនិងព័ត៌មានវិទ្យាបានបង្ហាញថាល្បឿនទាញយកជាមធ្យមនៃ 5G គឺលឿនជាង 4G ប្រហែលបួនដងប៉ុណ្ណោះ។ បន្ថែមពីនេះល្បឿនលឿនដែលគេអាចទទួលបានគឺមានតែនៅទីក្រុងសេអ៊ូល និងទីក្រុងធំៗដទៃទៀតប៉ុណ្ណោះ៕