លោក ប្រាក់ សុខុន ថា​រដ្ឋមន្រ្តីការបរទេសហុងគ្រី តែង​ហ៊ាន​ចេញមុខ​ការពារកម្ពុជា

  • 2020-11-12 02:50:26
  • ចំនួនមតិ 13 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​កំពុងធ្វើចត្តាឡីស័ក បាន​អះអាងថា ហុងគ្រី​ជាប្រទេស​​ដែល​តែហ៊ាន​ចេញ​មុខ​ការពារកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសរឿង EBA។

លោក​បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះ​យ៉ាងដូច្នេះថា៖

ពេលខ្ញុំសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។

រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។

ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ៕

;