អ៊ីស្រាអែល រកឃើញសំណង់បុរាណ អាយុកាល ៣ពាន់ឆ្នាំ ក្នុងអតីតទឹកដីស៊ីរី
- 2020-11-12 09:17:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែល រកឃើញសំណង់បុរាណ អាយុកាល ៣ពាន់ឆ្នាំ ក្នុងអតីតទឹកដីស៊ីរី
ចន្លោះមិនឃើញ
បុរាណវិទូអ៊ីស្រាអែល បានរកឃើញសំណង់ជញ្ជាំងការពារសត្រូវ ដែលមានអាយុកាល ៣ពាន់ឆ្នាំ នៅតំបន់ Golan Heights (ជាអតីតទឹកដីប្រទេសស៊ីរី) ក្នុងអំឡុងពេលជីកកកាយរកវត្ថុបុរាណ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរបុរាណវិទ្យាអ៊ីស្រាអែល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
សំណង់ជញ្ជាំងដែលរកឃើញនេះ គឺនៅសល់ទំហំ ១ម៉ែត្រកន្លះតែប៉ុណ្ណោះ។ វាត្រូវបានជឿជាក់ថា ត្រូវបានសង់ព័ទ្ធជុំវិញកូនភ្នំនៅតំបន់នេះ ដែលជាតំបន់យុទ្ធសាស្រ្ត ព្រោះនៅលើកំពូលនៃកូនភ្នំនេះ គេអាចសង្កេតមើលស្ថានភាពបានឆ្ងាយ។
បើយោងតាមអ្នកស្រាវជ្រាវ ជញ្ជាំងបុរាណនេះ អាចនឹងត្រូវបានកសាងឡើងដោយក្រុមកុលសម្ព័ន្ធ Geshurite ដែលបានកាន់កាប់ភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ Golan។ កាលសម័យនោះ ក្រុមកុលសម្ព័ន្ធ Geshurite មានទំនាក់ទំនងជាមួយ King David ដែលជាស្តេចនៃនគរ Israel-Judah។
សូមជម្រាបថា អ៊ីស្រាអែល បានដណ្តើមកាន់កាប់តំបន់ Golan Heights ពីប្រទេសស៊ីរី ក្នុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៦៧៕