ម៉ូតូ​អគ្គិសនី​នេះ សាកតែម្ដង ជិះ​ទៅមក​ភ្នំពេញ-កំពត​បាន​យ៉ាង​ស៊ីផុយ!

  • 2020-11-16 06:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី ដំណើរការ​​ផលិត​ម៉ូតូ​អគ្គិសនី​ក៏​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ខ្លាំង​ផង​ដែរ។ បច្ចុប្បន្ន ម៉ូតូ​ដែល​អាច​រត់​លើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដាច់​គេ​គឺ​ផលិត​ដោយ​ក្រុមហ៊ុន​អ៊ុយក្រែន DELFAST INC.។

នៅ​អំឡុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន​​ខាង​លើ​​នេះ​បាន​បំបែក​នូវ​កំណត់ត្រា​ពិភពលោក Guinness Book ដែល​ម៉ូតូ​អគ្គិសនី​របស់​ខ្លួន​អាច​បរ​លើ​ចម្ងាយ​ផ្លូវ​បាន​ដល់ ៣៦៧​គីឡូ​ម៉ែត្រ​ឯណោះ សម្រាប់​ការ​សាក​បំពេញ​​ថាមពល​ម្ដង​ប៉ុណ្ណោះ។ លុះ​មក​ដល់​ឥលូវ​នេះ ជំនាន់​ថ្មី​នៃ​ម៉ូតូ​អគ្គិសនី​របស់ Delfast ​​បាន​បង្ហាញ​ខ្លួន​ហើយ ដែល​មាន​ចំនួន​២​ម៉ូឌែល​គឺ Prime 2.0​ និង Partner 2.0។

Prime 2.0 បំពាក់​អាគុយ​ម៉ាក Samsung ទំហំ 48V 3500mAh ដែល​ផ្ដល់​កម្លាំង​រត់​បាន​ពេញ​មួយ​កម្លាំង​ដល់ ៣៩២​គីឡូ​ម៉ែត្រ។ ជា​ឧទាហរណ៍​បើ​យក​ម៉ូតូ​នេះ​រត់​លើ​ផ្លូវ​​ភ្នំពេញ​-ខេត្ត​កំពត ដែល​មាន​ប្រវែង​ប្រមាណ ១៥៦​គ.ម គឺ​គ្រាន់​​​សាក​បំពេញ​ថ្ម​វា​ម្ដង យើង​អាច​ជិះ​ធ្វើ​ដំណើរ​ទៅ​មក​បាន​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត​ដោយ​មិន​ខ្វល់​ពី​រឿង​អស់​អាគុយ​ឡើយ។ យ៉ាង​ណា​មិញ បើ​និយាយ​ពី​ល្បឿន​វិញ ម៉ូទ័រ​កម្លាំង​​តូច​ត្រឹម​1.5kW​របស់​វា​អនុញ្ញាត​ឲ្យ​ការ​​​បើកបរ​មិន​លើស​ពី​ល្បឿន​ ៤៥​គ.ម/ម៉ោង​​ឡើយ។

Partner 2.0 មាន​រូបរាង និង​កម្លាំង​ម៉ាស៊ីន​​ដូច​គ្នា​ទៅ​នឹង​ម៉ូឌែល​ខាង​លើ​ដែរ ទាស់​ត្រង់​តែ​វា​​មាន​ទម្ងន់​ត្រឹម ៥០​គីឡូ​ក្រាម ស្រាល​ជាង Prime 2.0 ចំនួន​៨​គីឡូក្រាម។ ដោយ​ឡែក​ចម្ងាយ​រត់​ក្នុង​ការ​សាក​បំពេញ​ម្ដង​របស់ Partner 2.0 ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ១២០​គីឡូ​ម៉ែត្រ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​តម្លៃ​វិញ ក្រុមហ៊ុន​បាន​ដាក់​ការ​បញ្ជា​ទិញ​ម៉ូឌែល Prime 2.0 ចាប់​ពី​តម្លៃ ៥១៩៩​ដុល្លារ​ឡើង ឯ Partner 2.0 ចាប់​ពី​តម្លៃ ៤១៩៩​ដុល្លារ​ឡើង៕

ប្រភព៖ Inceptive Mind ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;