ឡូយ​បាត់! កុមារី យ៉ង់ ស្រីនីត ក្លាយ​ជា​តួ​អង្គ​សម្ដែង​សំខាន់ក្នុងរឿង​មួយ​​របស់ផលិតកម្ម អិល ឌី

  • 2020-11-17 05:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នាដៃ​សម្ដែង​ភាពយន្ត​ដំបូង​របស់​កុមារី យ៉ង់ ស្រីនីត នឹង​ចូល​មក​បម្រើ​ចក្ខុ​របស់​ប្រិយមិត្ត​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ ហើយ ដោយ​មាន​ការ​យឹតយោង​ឲ្យ​ចូល​ថត​ក្នុង​ផលិតកម្ម អិល ឌី ពី​សំណាក់​នាយ​ពាក់មី។

នាយ​ពាក់មី បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា រូប​លោក​បាន​ទាក់ទង​ទៅ​គ្រួសារ​កុមារី យ៉ង់ ស្រី​នីត រួច​ហើយ ដោយ​ប្រាប់​ឲ្យ​ម្ដាយ និង​ស្រី​នីត ឡើង​ពី​ស្រុក​កំណើត​នៅ​ខេត្ត​មណ្ឌល​គីរី មក​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ដើម្បី​ស្នាក់នៅ​ផ្ទះ​របស់លោក​១​យប់ ​រួច​ចេញ​ថត​រឿង​អប់រំ​ខ្លី​មួយ​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ខាង​មុខនេះ។

នាយ​ពាក់មី៖"ពេល​គាត់​ឡើង​មក​ដល់​ឲ្យ​គេង​បន្ទប់​ជាមួយ​កូន​ខ្ញុំ ព្រោះ​កូន​ខ្ញុំ​ប៉ុណ្ណឹង​ដែរ។ ចំពោះ​ប្រាក់​កម្រៃ​សម្រាប់​គាត់​យើង​ឲ្យ​ក្នុង​ន័យ​មនោសញ្ចេតនា​សិន​ទេ ហើយ​បើ​គាត់​សម្ដែង​បាន​ល្អ​យើង​អាច​មាន​រឿង​ក្រោយ​ៗ​ទៀត​សម្រាប់គាត់ ឥឡូវរឿងប្រាក់កម្រៃ​អីនឹង​សុំ​លាក់​សិន"។

នាយ​ពាក់​មី​បញ្ជាក់​ថា រឿង​អប់រំ​ខ្លី​ដែល​មាន​ចំណង​ជើង​ថា"លួច​ទូរស័ព្ទ" នឹង​ត្រូវ​ប្រើ​ពេល​ថត ១​ថ្ងៃ​ពេញ​ ដោយ​ក្រុម​ការងារ​ផលិតកម្ម អិល ឌី។ សាច់​រឿង​ទាំង​ស្រុង​ត្រូវ​កាត់​យក​​ចន្លោះ​ពី​៥ ទៅ​១០​នាទី​ប៉ុណ្ណោះ ហើយ​វា​នឹង​ចេញ​នៅ​លើ​ផេក​ផ្លូវការ​របស់​ផលិតកម្ម អិល ឌី ក្នុង​រយៈ​ពេល​ពីរ ឬ​បី​ថ្ងៃ​ក្រោយ​ថត​ចប់សព្វគ្រប់។

រឿងរ៉ាវ​របស់​កុមារី​សម្បុរ​ស្រអែម​រស់នៅ​ជនបទ​ក្នុង​ខេត្ដ​មណ្ឌល​គីរី ឈ្មោះ យ៉ង់ ស្រីនីត ដែល​មាន​បំណង​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​ច្រៀង​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ផ្អើល​ប៉ុន្មាន​ថ្ងៃមក​ហើយ ដោយ​អ្នក​ខ្លះ​ចាប់​អារម្មណ៍​លើ​រូប​សម្បត្តិ​របស់​នាង និង​ខ្លះ​ទៀតចាប់​អារម្មណ៍​ពី​ទឹក​ដម​សំនៀង​គួបផ្សំ​នឹង​ការ​តាំងចិត្ដ​ចង់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​របស់​នាង។ ទើប​ពេល​នេះ បាន​ធ្លាយ​ដល់​នាយ​ពាក់មីក៏​ហៅ​នាងថត​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;