លាក់ជិត​ណាស់! មិន​ដឹងសោះ​ថាលោក អូបាម៉ា ជក់​បារី៩​ដើម​ក្នុង​១ថ្ងៃ ពេល​ធ្វើ​ជា​ប្រធានាធិបតី

  • 2020-11-19 00:14:38
  • ចំនួនមតិ 13 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ


ក្នុង​សៀវភៅ​​បោះពុម្ព​ថ្មី​មាន​ចំណង​ជើង​ថា "A Promised Land" របស់​​​លោក បារ៉ាក់ អូបាម៉ា បាន​លាត​ត្រដាង​នូវ​ទម្លាប់​អាក្រក់​​បំផ្លាញ​សុខភាព​មួយ​របស់​អតីត​ប្រធានាធិបតី​​​​​អាមេរិក​រូប​នេះ។ លោក អូបាម៉ា ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កាល​នៅ​សេតវិមាន លោក​​​មាន​ទម្លាប់​ជក់​បារី ពេល​កើត​មាន​អារម្មណ៍​​ស្ត្រេស​ជាមួយ​ការងារ​ម្ដងៗ។

អតីត​ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក​រូប​នេះ បាន​បញ្ជាក់​ថា ក្នុង​១​ថ្ងៃ​លោក​បាន​ជក់​បារី​​ចំនួន ៨ ឬ​៩​ដើម​ឯណោះ ហើយ​រាល់​ពេល​ជក់​ លោក​តែង​រក​កន្លែង​ស្ងាត់​​ដើម្បី​លាក់​បាំង​ពី​ភ្នែក​មហាជន។ ប៉ុន្តែ​​ក្រោយ​មក លោក​ក៏​បាន​ផ្ដាច់​បារី ព្រោះ​​មាន​ការ​​ជំរុញ​ពី​កូន​ស្រី​ច្បង Malia។ លោក​ថា ពេល​​ធុំ​ក្លិន​ស្អុយ​បារី​ពី​មាត់​​ឪពុក​ម្ដងៗ Malia តែង​តែ​ចង​ចិញ្ចើម​ដាក់​លោក។ លោក អូបាម៉ា បាន​ប្រើ​ការ​ទំពារ​ស្ករ​កៅស៊ូ​ដែល​មាន​ជាតិ​​នីកូទីន​ក្នុង​ការ​ផ្ដាច់​បារី។

សូម​បញ្ជាក់​ថា នៅ​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក អូបាម៉ា បណ្ដា​សារព័ត៌មាន​​​ជា​ច្រើន​ឧស្សាហ៍​ចុះ​ផ្សាយ​អំពី​ការ​សង្ស័យ​ដែល​ថា លោក អូបាម៉ា ​មិន​បាន​ចោល​ទម្លាប់​ជក់​បារី​​តាំង​ពី​នៅ​វ័យ​ក្មេង​នោះ​ទេ បើ​ទោះ​ជា​លោក​ធ្លាប់​និយាយ​ក្នុង​សន្និសីទ​មួយ​​កាល​ពី​ឆ្នាំ​២០០៩​អំពី​ភាព​ជោគជ័យ​នៃ​ការ​ផ្ដាច់​បារី​ក៏​ដោយ។ ពេល​នៅ​​ធ្វើ​ការ​ក្នុង​សេតវិមាន​ចន្លោះ​ឆ្នាំ​២០០៩ដល់​ឆ្នាំ​២០១៧ គេ​មិន​ដែល​ចាប់​បាន​លោក អូបាម៉ា ជក់​បារី​ឡើយ គឺ​គ្រាន់​តែ​ឃើញ​តម្រុយ​ខ្លះៗ​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍​​ក្នុង​ឆ្នាំ​២០១៥ ពេល​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​ក្នុង​កិច្ច​ប្រជុំ G-7 អ្នក​នាំ​ពាក្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​​អ៊ីតាលី​​បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​ក្នុង​នោះ​គេ​​សង្កេត​ឃើញ​លោក អូបាម៉ា កំពុង​កាន់​កញ្ចប់​បារី​ក្នុង​ដៃ។ ប៉ុន្តែ​​ព័ត៌មាន​នេះ​បែរ​ជា​ត្រូវ​ខាង​សេតវិមាន​បដិសេធ​ទៅ​វិញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

;