ចំនួននិស្សិតកម្ពុជា កំពុងសិក្សានៅសហរដ្ឋអាមេរិក កើនឡើងខ្ពស់នៅឆ្នាំ២០២០

  • 2020-11-20 01:59:25
  • ចំនួនមតិ 2 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ


បើយោងតាមរបាយការណ៍​ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួន​និស្សិត​ដែល​បាន​សិក្សា​​នៅ ក្នុង​មហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បាន​កើន​ឡើង​ខ្ពស់នៅឆ្នាំ ២០១៩-២០២០ ដោយមានកំណើន ៨,៣% លើសឆ្នាំលើសឆ្នាំមុន។

របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពី​ការផ្លាស់​ប្តូរ​​ផ្នែក​សិក្សា​អប់រំ​អន្តរជាតិ ​បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀន​នៅក្នុងមហាវិទ្យាល័យ និង​សាកល​វិទ្យាល័យ ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ជាកំណើនលើសឆ្នាំ ២០១៨-២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួន​នេះ បន្តនិន្នាការ វិជ្ជមាន ដែលមាន​នៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែល​និស្សិត​កម្ពុជា​មើលឃើញពីតម្លៃពិតប្រាកដ​នៃផ្នែកឧត្តមសិក្សា​របស់អាមេរិក។

ការ​មាន​និស្សិត​ខ្មែរ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ គឺជាការល្អសម្រាប់​ប្រទេសយើងទាំងពីរ ហើយ​វា​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន​របស់​យើង”។ សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយ​មាន​និស្សិត​អន្តរជាតិ​ចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ - ២០២០។

ស្ថានទូត​នៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សា​នៅ​សហរដ្ឋ​អាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាព​នៅតាមបណ្ណាល័យ​របស់​ស្ថានទូត ដែល​ស្ថិត​នៅ​តាម​ទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានា​នៅកម្ពុជា ទូទាំង​ប្រទេស៕

ស្ថានទូតសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយនិស្សិតកម្ពុជា ពីព្រោះ​ការអប់រំ​អន្តរជាតិ​ជំរុញ​ទំនាក់​ទំនង​យូរអង្វែង និងការផ្លាស់ប្តូរចំណេះដឹងគ្នា រវាងសហគមន៍​ក្នុងសហរដ្ឋអាមេរិក និង​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក។ និស្សិតអន្តរជាតិធ្វើឲ្យថ្នាក់រៀន សាលារៀន និងសហគមន៍​នានា​មាន​ភាព​ចម្រុះ​គ្រប់បែបយ៉ាង ដែលនៅតែបន្តផ្តល់លទ្ធផល ទោះបី​ជាពួក​គេ​ត្រឡប់​មក​មាតុភូមិ​វិញ​យូរ​ហើយ​ក្តី។

របាយការណ៍ Open Doors ត្រូវបានចេញផ្សាយប្រចាំឆ្នាំដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយ​សហការ​ជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌​នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម​ស្តីពីការអង្កេត​របស់របាយការណ៍​នេះ និងលទ្ធផលនានា សូម​ចូល​មើល​គេហទំព័រ https://www.iie.org/opendoors

;