ធ្លាយចេញរូបភាពក្រោយឆាក MV ពិសេស១ ដែលលោក សុខ ជំនោរ កំពុងសម្ងំថតត្រៀមវាយលុកទីផ្សារ
- 2020-11-24 02:55:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយចេញរូបភាពក្រោយឆាក MV ពិសេស១ ដែលលោក សុខ ជំនោរ កំពុងសម្ងំថតត្រៀមវាយលុកទីផ្សារ
ចន្លោះមិនឃើញ
នៅព្រឹកនេះ មានរូបភាពជាច្រើនសន្លឹក ស្ដីពីសកម្មភាពក្រៅឆាករបស់ក្រុមសិល្បករមួយក្រុមកំពុងថតសម្ដែងក្នុងវីដេអូចម្រៀងមួយត្រូវបានទម្លាយចេញនៅលើបណ្ដាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍។ សកម្មភាពនោះ គឺជាសកម្មភាពថតរបស់ MV ពិសេសមួយរបស់លោក សុខ ជំនោរ។
លោក សុខ ជំនោរ ត្រូវបានគេដឹងថា ជាកវីនិពន្ធ និងជាអ្នកដឹកនាំរឿងចាស់វស្សា ល្បីល្បាញក្នុងពិភពសិល្បៈ ដែលមហាជនទូទៅទទួលស្គាល់ពីទឹកដៃនិពន្ធ និងសមត្ថភាពក្នុងការដឹកនាំរឿងដ៏ប៉ិនប្រសប់ របស់លោក។ ថ្មីៗនេះ មានដំណឹងថា លោក បានបោះជំហានថ្មីមួយទៀត ដោយលោក និងក្រុមផលិតផ្ទាល់ខ្លួន ក្លាយជាក្រុមផលិតនិងរៀបចំគម្រោងយុទ្ធសាស្ត្រ ក្នុងផលិតកម្មដាវីត្រា មេឌៀរ Davitra Mediaជាផលិតកម្មថ្មីរបស់លោក។
ក្រុមនេះ ល្បីថា ជាក្រុមការងារប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យខ្ពស់ ព្រមទាំងមានក្រុមបច្ចេកទេសដែល មានបទពិសោធន៍ និងជំនាញពិតប្រាកដក្នុងវិសយ័សិល្បៈចំរៀង និងភាពយន្តទៀតផង។ ជាមួយនឹងការចាប់ផ្តើមដំបូងក្នុងផលិតកម្មដាវីត្រាលោកនឹងផ្តល់កាដូជូនអ្នកគាំទ្រនូវ MV ចម្រៀងពីរបទ គឺ "បទ ម្អមក្រៀម" និងបទ "កូនថៅកែស្នេហ៍បង" ដែលគ្រោងនឹង ចេញក្នុងពេលឆាប់ៗនេះ។
ដោយឡែកសកម្មភាពក្រៅឆាកដែលធ្លាយចេញតាមរយៈរូបជាច្រើនសន្លឹកនេះ ប្រភពពីតារាសម្ដែងមួយរូប បញ្ជាក់ថា ជាសកម្មភាពថតវីដេអូចម្រៀងទាំងពីរខាងលើនេះហើយ។ ប្រភពដដែល បង្ហើបថា "ដាវីត្រា" ជាផលិតកម្មថ្មី ដែលមានសក្តានុពលខ្លាំងដោយបានកំពុងវិនិយោគសាងសង់ស្ទូឌីយោផ្ទាល់ខ្លួនលាតសន្ធឹងនៅលើផ្ទៃដី ៥ហិចតា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីប្រើប្រាស់សម្រាប់ការផលិតបទចម្រៀង Original សម្តែង MV ថតកុន និងរៀបចំ កម្មវិធីប្រគុំ តន្ត្រីផ្ទាល់ខ្លួន សំដៅចូលរួមបម្រើចំណីអារម្មណ៍ និងចក្ខុរបស់ទស្សនិកជន។
នាពេលអនាគតយ៉ាងខ្លីផលិតកម្ម Davitra Media ក៏នឹងសហការជាមួយផលិតកម្ម នៃបណ្តាប្រទេស នានាក្នុងតំបន់អាស៊ីដើម្បីរួមគ្នាផលិតបទចម្រៀង និងថតខ្សែភាពយន្ត ដើម្បីជួយលើកតម្កើងអភិវឌ្ឍ វិស័យសិល្បៈកម្ពុជាផងដែរ។ យ៉ាងណា លោក សុខ ជំនោរ មិនទាន់អាចសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ គិតត្រឹមព្រឹកនេះ៕