១១ខែ ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករបានជាង ៦០ម៉ឺនតោន
- 2020-12-01 03:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១ខែ ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករបានជាង ៦០ម៉ឺនតោន
ចន្លោះមិនឃើញ
លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ដែលក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១ តោន។
ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ។ ដោយឡែក សម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០ តោន មានការកើនឡើងចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១៖
១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%
២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%
៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, និង
៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥%។
ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦ ៦១៩ តោន៕