សម្តេច ហ៊ុន សែន ដាក់ការសង្ស័យមួយនូវដើមហេតុផ្ទុះកូវីដចូលសហគមន៍
- 2020-12-04 13:34:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ដាក់ការសង្ស័យមួយនូវដើមហេតុផ្ទុះកូវីដចូលសហគមន៍
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាសំឡេងផ្ញើជូនជនរួមជាតិនាយប់ថ្ងៃទី៤ធ្នូនេះថា តាមការសន្និដ្ឋានបឋមរបស់អ្នកវិទ្យាសាស្រ្ត ក៏ដូចជាការប៉ាន់ស្មានរបស់សម្តេច ការផ្ទុះកូវីដ១៩ចូលសហគមន៍ ពោលគឺព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺអាចនឹងកើតចេញពីការធ្វើចត្តាឡីស័កមិនគ្រប់១៤ថ្ងៃរបស់ជនបរទេសមួយចំនួន។
សម្តេចតេជោ លើកឡើងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានបន្ធូរបន្ថយដល់ការធ្វើចត្តាឡីស័ករបស់អ្នកជំនួញ អ្នកបច្ចេកទេស អ្នកជំនាញ និងអ្នកសេដ្ឋកិច្ចជាដើមដែលមកពីបរទេស ដែលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនគ្រប់១៤ថ្ងៃ ដូចអ្នកមកពីបរទេសដទៃឡើយ។ ក្នុងនោះអាចមានអ្នកដែលបានប្រាស្រ័យទាក់ទងជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយបណ្តាលឱ្យមានការឆ្លងកូវីដ១៩តែម្តង។
សម្តេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា៖ «ស្ថានភាពបែបនេះ នៅពេលដែលយើងរកមិនក្បាលកន្ទុយ យើងត្រូវផ្អាកជាបណ្តោះអាសន្ន នូវយន្តការពាក់ព័ន្ធនឹងការផ្អាកការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ហើយមកនៅសល់ ២ថ្ងៃ សម្រាប់អ្នកបច្ចេកទេស អ្នកធុរកិច្ចដែលមកធ្វើការពិនិត្យរោងចក្រ ក្នុងរយៈពេលខ្លី។ នេះវាជាហានិភ័យមួយដ៏ខ្ពស់ សម្រាប់ប្រទេសរបស់យើង ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត»។
សម្តេចបន្តថា៖ «ស្ថានភាព ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ តាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្រ្ត អ្នកបច្ចេកទេស ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ លទ្ធភាពជាច្រើនគឺអាចចេញមកពីស្ថានភាពនៃចត្តាឡីស័កមិនគ្រប់គ្រាន់សម្រាប់ជនបរទេសមួយចំនួន ហើយអាចទំនាក់ទំនងជាមួយនឹងលោក ឆែម សាវុធ និងក្រុមគ្រួសារលោក ឆែម សាវុធ។ នេះកំពុងតែធ្វើការផ្ទៀងផ្ទាត់»៕
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា គ្រប់អ្នកដំណើរទាំងអស់ដែលមកកម្ពុជា គឺត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃពេញលេញ ចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០តទៅ៕